ពេលឃើញការបង្ហោះបញ្ហាទឹកប្រែប្រួលពណ៌ រដ្ឋាករទឹកបាត់ដំបងបញ្ជាក់ថា ទឹកស្ទឹងសង្កែពិតជារងការបំពុលពិតមែន
នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នេះ រដ្ឋាករទឹកខេត្តបាត់ដំបង បានបង្ហោះសារជូនដំណឹងថា ទឹកស្ទឹងសង្កែពិតជារងការបំពុលពិតមែន។
យោងតាមសារបង្ហោះរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង បានឱ្យដឹងថា ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ក្រោយបានទទួលព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នា គិតត្រឹមនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានដុតដៃដុតជើងចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹកធ្វើផលិតកម្មនៅស្ទឹងសង្កែ ហើយជាលទ្ធផលបានពិនិត្យឃើញថា ទឹកស្ទឹងសង្កែពិតជាបានទទួលរងនូវការបំពុលពិតប្រាកដមែន។
យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការបំពុលប្រភពទឹកអង្គភាពរដ្ឋាករទឹកបាត់ដំបង ក៏បានចាត់តាំងក្រុមអ្នកបច្ចេកទេស ផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឱ្យនៅប្រចាំការ តាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ដោយគិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញ នៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្តង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយទេ។
អាស្រ័យហេតុនេះ រដ្ឋាករទឹកបានប្រកាសជាដំណឹងថា សូមកុំមានការបារម្ភ បើមានការប្រែប្រួលគុណភាពទឹកយ៉ាងណា អង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជូនដំណឹងនៅពេលក្រោយ៕