ក្ដៅៗ! រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងទឹកហក់ជិតដល់កម្រិតប្រកាសអាសន្ន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់
រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ និង តាមបណ្តោយដងស្ទឹងសែនបាន ហក់ជិតដល់កម្រិតប្រកាសអាសន្នហើយ។
ខាងរដ្ឋបាលបានបញ្ជាក់ឱ្យដឹងថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និង ស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និង សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយកើតឡើង។
ទន្ទឹមគ្នានេះដែរ ខាងរដ្ឋបាលបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំផែនការអន្តរាគមន៍ និង ត្រូវរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺ ឆ្លងផ្សេងៗ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖