បុរសវ័យខ្ទង់ ២០ ឆ្នាំម្នាក់ កាន់កាំបិតបង្កចលាចលក្នុងផ្សារទំនើបមួយនៅកូរ៉េ ធ្វើឱ្យរបួស ១៣ នាក់ និងម្នាក់ស្ល-ា.ប់
កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ កូរ៉េខាងត្បូងប្រទះហេតុការណ៍រន្ធត់ ដោយមានបុរសម្នាក់បានទាញកាំបិតដើរចាក់គេឯងយ៉ាងព្រៃផ្សៃនៅក្នុងផ្សារទំនើបមួយកន្លែង បង្កឱ្យមានអ្នករបួសដល់ទៅ ១៣ នាក់ និង ស្លាប់ ១ នាក់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនាផ្សារទំនើបមួយកន្លែង ជិតស្ថានីយ Seohyeon តំបន់ Bundang-gu, Seongnam-si, Gyeonggi-do ទីក្រុងសេអ៊ូល ដោយជនដៃដល់ត្រូវបានគេដឹងថាជាបុរសមានអាយុក្នុងខ្ទង់ ២០ ឆ្នាំ។
ដំបូងបុរសខាងលើបានជិះឡានដេញបុកមនុស្ស ៣ នាក់ មកដល់កន្លែងកើតហេតុ រួចក៏បានចុះពីឡានជាមួយនឹងកាំបិទក្នុងដៃ ហើយក៏បានចាប់ផ្តើមដើរដេញចាក់គេឯងទាំងកម្រោល ដែលបង្កជាភាពចលាចលតែម្តង។
បុរសខាងលើបានបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ ១៣ នាក់ មានទាំងចាស់ទាំងក្មេង ហើយមាន ៨ នាក់ ត្រូវបានគេដឹងថាមានរបួសធ្ងន់ធ្ងរជាងគេ ដោយមានការចាក់ពេញខ្លួនស្ទើរសុសសាច់។ យ៉ាងណាមិញ ប៉ូលិសក៏បានធ្វើការក្របួចជនដៃដល់បានសម្រេច ដែលគេបានសារភាពឱ្យដឹងថា មានមនុស្សមួយក្រុមកំពុងតែតាមសម្លាប់ខ្លួន។ ប៉ូលិសក៏បានធ្វើតេស្តរកសារធាតុញៀនទៀត តែលទ្ធផលអវិជ្ជមាន ទើបគេសន្និដ្ឋានថា បុរសរូបនេះអាចមានបញ្ហាផ្លូវចិត្ត៕