អាជ្ញាធរជាតិអប្សរា ប្រកាសបិទការប្រើប្រាស់ជាបណ្ដោះអាសន្នជណ្ដើរឈើ នៅផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង
នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការបិទការប្រើប្រាស់ជណ្ដើរឈើនៅផ្នែកខាងត្បូង នៃប្រាសាទភ្នំបាខែង ជាបណ្ដោះអាសន្ននៅក្នុងរមណីយដ្ឋានអង្គរ។
សេចក្ដីជូនដំណឹង បានបញ្ជាក់ឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងបិទការប្រើប្រាស់ជណ្ដើរឈើនៅផ្នែកខាងត្បូងនៃប្រាសាទ ភ្នំបាខែងជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នេះតទៅ ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសបំពេញការងារអភិរក្សមួយចំនួន តាមរយៈការពង្រឹងស្ថិរភាពរចនាសម្ព័ន្ធ និង ដោះស្រាយបញ្ហាជម្រាបទឹកនៅកាំជណ្ដើរថ្មភក់ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង។
ជាមួយគ្នានេះដែរ សេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា អំឡុងពេលនៃការបិទនេះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិអាច់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវជណ្ដើរផ្នែកខាងកើតនៃប្រាសាទភ្នំបាខែងបាន៕