មុនរកឃើញសពកូន ឪពុក ស្រីខួច ប្រាប់ទាំងក្ដុកក្ដួលថា «ខ្ញុំនឹកកូនខ្ញុំខ្លាំងណាស់ ទោះស្លាប់ ឬរស់ក៏ដោយខ្ញុំយកទៅផ្ទះខ្ញុំវិញ»
ហេតុការណ៍គ្រោះធម្មជាតិដ៏នឹកស្មានមិនដល់មួយ ដែលបានបណ្ដាលឱ្យជនរងគ្រោះចំនួន ២ នាក់បានបាត់បង់ជីវិតដោយសារទឹកជ្រោះហូរកួច ពេលពួកគេបាននាំគ្នាទៅបោះតង់ នៅទឹកធ្លាក់ឪម៉ាល់ ស្ថិត ក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។
ជនរងគ្រោះដែលបានស្លាប់ គឺជាយុវតីអាយុ ១៩ ឆ្នាំឈ្មោះ កែន ស្រីរ័ត្ន ចំណែកឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ផន ស្រីខួច អាយុ ១៩ ឆ្នាំ ទើបតែត្រូវបានសមត្ថកិច្ចរកឃើញសាកសពនៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ ប៉ុណ្ណោះ។
រឿងដែលក្ដុកក្ដួលបំផុត មុនពេលរកសាកសព ស្រីខួច ឃើញ ឪពុករបស់យុវតីរូបនេះ បានផ្ដល់បទសម្ភាសនៅក្នុងវីដេអូមួយ ដោយលោកបានលើកឡើងថា លោកមានកូនចំនួន ៤ នាក់ ហើយ ស្រីខួច គឺជាកូនស្រីពៅសំណព្វចិត្ត។ លោកបន្តថា លោកប្រឹងប្រែងរកលុយរាល់ថ្ងៃដើម្បីតែកូនៗ តែពេលនេះ កូនបែរជាជួបបញ្ហាបែបនេះ លោកអស់កម្លាំងចិត្តនឹងធ្វើអ្វីទៀតហើយ។
ពាក្យសម្ដីរបស់លោកឪពុក ស្រីខួច ដែលធ្វើឱ្យមហាជនស្ដាប់ហើយសឹងទប់ទឹកភ្នែកមិនជាប់នោះ គឺលោកបានរៀបរាប់ថា ទោះបីជាកូនស្រីស្លាប់ក៏ដោយ រស់នៅដោយ សំខាន់ឱ្យតែរកឃើញកូនវិញ លោកនឹងនាំកូនត្រឡប់ទៅផ្ទះ៕