សមត្ថកិច្ចចុះបិទហាងកែសម្ផស្សមួយភ្លាមៗ ក្រោយរកឃើញគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយធ្វើឱ្យប្រពន្ធ ពាក់មី ចូលសង្រ្គោះបន្ទាន់
កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ សមត្ថកិច្ចបានចុះទៅបិទហាងកែសម្ផស្សមួយកន្លែង មានយីហោឈ្មោះ អេស 88 ប៊ីយូរធី ផ្សារថ្មី ក្រោយពីរកឃើញថាទីតាំងមួយនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ជាមួយគ្នានេះដែរ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់មានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានដឹងថាហាងកែសម្ផស្សមួយនេះមិនត្រឹមតែគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ ប៉ុន្តែក៏ជាហាងមួយកន្លែងដែលបានធ្វើឱ្យប្រពន្ធរបស់តារាកំប្លែងល្បី នាយ ពាក់មី មានបញ្ហាសុខភាពចូលបន្ទប់សង្រ្គោះបន្ទាន់ ICU ក្រោយពីបានទទួលសេវ៉ាកម្មចាក់សេរ៉ូមឱ្យសាច់ស។
គួរបញ្ជាក់ដែរថា ហាងកែសម្ផស្សនេះមានទីតាំងស្ថិតនៅផ្ទះលេខ ១១០ E0 តាមបណ្ដោយផ្លូវលេខ ៥៣ សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន ដោយសារពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាល និង បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ៕