អភិនីហារមានមែន! មុនរកឃើញស-ព ស្រីខួច ក្រុមការងារបានទម្លាយរឿងរ៉ាវព្រឺសម្បុរគឺបានទៅពឹងពរយាយម៉ៅនៅឪម៉ាល់
នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះរូបភាពភ្ជាប់ជាមួយសារអរគុណដល់លោកយាយម៉ៅ ដែលបានជួយឱ្យកូនចៅរកឃើញដូចបំណង ព្រមទាំងសូមលាមាត់លា-ក ហើយសូមឱ្យសុខសប្បាយទាំងអស់គ្នាផងដែរ។
ពិតណាស់ មុនការរកឃើញសព ស្រីខួច ក្រុមការងារបានទៅនិយាយបន់លោកយាយម៉ៅ នៅជ្រោះឪម៉ាល់ ហើយក្រោយពីការបន់ស្រន់ក្រុមការងារក៏បានរកឃើញមែន ដោយបានឃើញសាកសពឈ្មោះ ស្រីខួច នៅទើរជាប់នឹងថ្មជ្រោះ បន្ទាប់ពីបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ នៅពេលបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ឪម៉ាល់ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
គួរឱ្យដឹងផងដែរថា ក្នុងបេសកកម្មស្វែងរកនារីដែលបានបាត់ខ្លួននេះ ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានប្រើប្រាស់កម្លាំងប្រមាណជាង ១០០ នាក់ ក្នុងការតាមរក៕