រឿងនាវាមុជទឹក Titan ទើបស្ងប់ ឥលូវសហស្ថាបនិក OceanGate ចង់បញ្ជូនមនុស្ស ១ ពាន់នាក់ ទៅនៅលើភពសុក្រទៀត
សហស្ថាបនិកក្រុមហ៊ុន OceanGate កាលពីសប្ដាហ៍កន្លងទៅ បានទម្លាយឱ្យដឹងថា រូបលោក មានបំណងចង់បញ្ជូនមនុស្សទៅរស់នៅលើបរិយាកាសនៃភពសុក្រក្នុងឆ្នាំ ២០៥០ ទាំងដែលរឿងរ៉ាវសោកនាដកម្មនាវាមុជទឹក Titan មិនទាន់ស្ងប់ទៅស្រួលបួលផងនោះ។
លោក Guillermo Söhnlein សហស្ថាបនិកក្រុមហ៊ុន OceanGate កាលពីសប្ដាហ៍កន្លងទៅ បានថ្លែងប្រាប់សារព័ត៌មាន Business Insider ថា លោកប្រមើលសម្លឹងឃើញមនុស្ស កំពុងរស់នៅលើបរិយាកាសនៃភពទី ២ នៃគន្លងព្រះអាទិត្យនេះ ហើយលោកក៏មានការបណ្ដាក់ទុកអាជីវកម្ម ដើម្បីសម្រេចគោលដៅមួយនេះដែរ។
ដំណើរគោលដៅរបស់លោក ដែលហៅថា «Humans2Venus» គឺបំណងនឹងនាំមនុស្ស ១ ពាន់នាក់ ទៅរស់នៅលើអាណានិគមបណ្ដែតលើបរិយាកាសនៃភពសុក្រ។ លោក Söhnlein បានឱ្យដឹងទៀតថា លោកនឹងមិនឱ្យរឿងសោកនាដកម្មនៃនាវាមុជទឹក Titan រារាំងលោក ក្នុងដំណើររុករកថ្មីនេះឡើយ៕