ខ្លាឃ្មុំនៅចិន ឈរជើងពីរទំនងពេក រហូតមហាជនខឹងចោទខាងសួន ថាបោកប្រាស់ឱ្យមនុស្សមកបន្លំ
ប្រិយមិត្តដែលធ្លាប់មើលសត្វខ្លាឃ្មុំក្នុងសួនសត្វ ជាញឹកញាប់តែងតែឃើញពួកវា ងើបឈរឡើងជើងពីរ ដូចមនុស្ស ដើម្បីមើល ឬ ហិតរកមើលចំណី ដែលចងព្យួរនៅក្បែរទ្រុងរបស់ពួកវានោះ។
យ៉ាងណាមិញ សត្វខ្លាឃ្មុំមួយក្បាល នៅក្នុងសួនសត្វមួយកន្លែងនាប្រទេសចិន កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយវាបានបង្ហាញសកម្មភាពដូចទៅនឹងមនុស្ស ឈរជើងពីរត្រង់ភ្លឹង រហូតបង្ហាញស្នាមជ្រួញផ្នត់នៅស្បែកផ្នែកខាងក្រោយរបស់វា ធ្វើឱ្យមហាជនជាច្រើនភាន់ច្រឡំ កើតការខឹងសម្បារ ថាខាងសួនសត្វបោកប្រាស់ យកមនុស្សពាក់ឈុតខ្លាឃ្មុំមកសម្ដែងឱ្យពួកគេមើល។
ក្រោយទទួលរងការខឹងសម្បារដូចព្យុះ ខាងសួនសត្វក៏បានចេញមុខមកបកស្រាយឱ្យអស់ចម្ងល់ថា ខ្លាឃ្មុំដែលពួកគេឃើញនោះ គឺជាសត្វខ្លាឃ្មុំពិតប្រាកដ មិនមែនជាមនុស្សបន្លំនោះឡើយ៕