ភ្ញាក់ផ្អើល! ស្ត្រីវ័យ ៥៦ ឆ្នាំម្នាក់ លេបថ្នាំទាំងសំបក ឈ្លក់ចូលបំពង់ខ្យល់ តែពេទ្យសង្គ្រោះទាន់ពេលនៅកាល់ម៉ែត្រ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយបានឃើញករណីស្ត្រីម្នាក់ ត្រូវបានគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីគាត់លេបថ្នាំដោយទាំងសំបក ចូលទៅក្នុងបំពង់ខ្យល់។
ទាក់ទិនទៅនឹងរឿងរ៉ាវនឹកស្មានមិនដល់នេះ បើតាមគណនីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតមានឈ្មោះ Chhar Bunpaul បានបង្ហោះបញ្ជាក់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ បែបនេះថា ៖ «ចង់ប្រាប់ថា ថ្នាំគេលេបត្រូវបកសំបកចេញ ហើយបើលេបគឺលេបតាមបំពង់អាហារមិនមែនតាមបំពង់ខ្យល់ទេ។ ជាករណីស្រ្តីម្នាក់វ័យ ៥៦ ឆ្នាំ បានអកថ្នាំដោយមិនប្រយ័ត្ន ក៏ឈ្លក់ចូលបំពង់ខ្យល់ទាំងសំបក ត្រូវបានសង្រ្គោះដោយជោគជ័យនៅមន្ទីរពេទ្យកាល់ម៉ែតល្ងាចថ្ងៃទី ៣១ កក្តដា ២០២៣»។
យ៉ាងណាមិញ នេះជាករណីកម្របានជួបប្រទះ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត ចៀសវាងជួបនូវរឿងហេតុដូចខាងលើ៕