ក្ដៅៗ! ក្រសួងប្រកាស ប្រេងសាំង ឡើងថ្លៃដល់ ៤ ៥៥០ រៀល និង ម៉ាស៊ូត ថ្លៃ ៤ ៤៥០ រៀល
តាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះឡើងថ្លៃ ៤០០ រៀល ដោយក្នុង ១ លីត្រ តម្លៃ ៤ ៥៥០ រៀល។
ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះ មានតម្លៃកើនឡើងដល់ ៤ ៤៥០ រៀលក្នុង ១ លីត្រ បើធៀបទៅនឹងតម្លៃកាលពីថ្ងៃទី ២១ ខែកក្កដាកន្លងទៅ ឃើញថាទាំងតម្លៃប្រេងសាំងធម្មតា និង តម្លៃប្រេងម៉ាស៊ូតនៅសប្ដាហ៍នេះឡើងថ្លៃគួរសម ។
ជាក់ស្ដែង តម្លៃប្រេងសាំងធម្មតាកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅមានតម្លៃត្រឹមតែ ៤១៥០ ៛ ប៉ុន្តែឡើងចំនួន ៤០០ ៛ មកដល់តម្លៃ ៤៥៥០៛ ។ ចំណែកប្រេងម៉ាស៊ូតវិញបានឡើងថ្លៃចំនួន ៤៥០ ៛ ផងដែរ ដោយកាលពីថ្ងៃទី ២១ ខែកក្កដាកន្លងទៅ មានតម្លៃត្រឹមតែ ៤០០០ ៛ ឥលូវឡើងដល់ ៤៤៥០ ៛ ៕