ចង់តែគក់ទ្រូង! ឃើញស្អាតប្លែកភ្នែកអ៊ីចឹង ស្មានតែនៅស្រុកគេ តាមពិតស្ថិតក្នុងខេត្តភាគឦសានមួយនេះសោះ
ស្ថិតនៅចម្ងាយប្រមាណ ៣៨១,៩៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា មានកន្លែងកម្សាន្តបែបធម្មជាតិ ដូចជាតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចំការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន។ មិនតែប៉ុណ្ណោះ ឈានចូលមកដល់វស្សានរដូវ និង សរទរដូវ មណ្ឌលគិរី ចាប់ផ្ដើមមានអាកាសធាតុត្រជាក់មានភ្លៀងធ្លាក់គួរជាទីចាប់ចិត្ត ដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ស្រូបយកខ្យល់អាកាសពីកំពូលភ្នំ បំភ្លេចចោលនូវរាល់ទុក្ខកង្វល់ផ្សេងៗ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវផ្ទះលម្ហែ ១ កន្លែងស្ថិតនៅលើភ្នំ ក្នុងខេត្តមណ្ឌលគិរី ដែលមានទេសភាពស្រស់ត្រកាល ទាក់ចិត្តប្រិយមិត្តភ្ញៀវទេសចរ ឱ្យចង់ទៅកម្សាន្ត និង ស្នាក់នៅលម្ហែ ដែលនៅទីនោះមានឈ្មោះថា «The Fairy House Mondulkiri»។
ស្ថិតនៅត្រឹមតែ ៣ គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ «The Fairy House Mondulkiri» មានផ្ទះសម្រាកលម្ហែជាលក្ខណៈគ្រួសារ គូស្នេហ៍ និង មានរៀបចំសម្ភារផ្សេងៗដូចជា ចង្ក្រានអាំងសាច់មុខផ្ទះ ចង្ក្រានហ្គាសធំក្នុងផ្ទះ រួមរបស់ប្រើប្រាស់ផ្សេងៗជាច្រើន បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវដែលសម្រាកលម្ហែ ទទួលបានអារម្មណ៍ដូចជាមានផ្ទះលម្ហែផ្ទាល់ខ្លួន មានលក្ខណៈស្ងៀមស្ងាត់ តែធានាបាននូវសុវត្ថិភាព។
អ្វីដែលកាន់តែពិសេសទៀតនោះ ទីតាំងលម្ហែខាងលើ មានប្លង់ថតរូបស្អាតៗ និង ពិសេសៗជាច្រើន ដែលទេសភាពមើលទៅគឺស្រស់ស្អាតមិនចាញ់នៅបរទេស អាចគយគន់ទេសភាពដាច់កន្ទុយភ្នែក ធានាថាបានទៅហើយ មិនខកជើងនោះឡើយ៕
រូបភាព ៖ The Fairy House Mondulkiri