អបអរសាទរ! កម្ពុជាជាប់ឆ្នោតជាម្ចាស់ផ្ទះ រៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក លើកទី ៣៩ ឆ្នាំ ២០២៦
កាលពីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅហ្វេសប៊ុកផេកផ្លូវការរបស់សមាគមកាយឫទ្ធិនារីពិភពលោក World Association of Girl Guides and Girl Scouts បានបង្ហោះសារអបអរសាទរចំពោះកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក លើកទី ៣៩ ឆ្នាំ ២០២៦។
សមាគមកាយឫទ្ធិ ដែលមានប្រទេសចំនួន ១៦៩ ជាសមាជិក បានរៀបចំកម្មវិធីអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក ដោយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus ។
ក្រោមការដឹកនាំរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កម្ពុជា បានព្យាយាមយ៉ាងស្វិតស្វាញ និង សកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជា ឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ ។ ជាលទ្ធផលកម្ពុជា បានជាប់ក្នុងចំណោម ៣ ប្រទេសចុងក្រោយ រួមមានកម្ពុជា ហ្គាណា និង ទុយនេស៊ី រហូតដល់វគ្គផ្ដាច់ព្រ័ត្រ កម្ពុជា ប្រកួតជាមួយហ្គាណា រួចកម្ពុជាក៏បានឈ្នះការបោះឆ្នោត និង ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោក លើកទី ៣៩ (39th WAGGGS Conference)៕
ប្រភព និង រូបភាព ៖ ក្រសួងព័ត៌មាន