កំណាត់ផ្លូវជាតិលេខ ៤៣ និង ផ្លូវខេត្តលេខ ១៣២ នៅកំពង់ស្ពឺ ត្រូវផ្អាកចរាចរណ៍សិន ព្រោះទឹកហូរដាច់ផ្លូវអស់ហើយ
នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នេះក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហោះសារជូនដំណឹងថា កំណាត់ផ្លូវជាតិលេខ ៤៣ (គ.ម ០៨+២០០ – គ.ម ០៨+៦៥០) និង ផ្លូវខេត្តលេខ ១៣២ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទ ព្រោះតែរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។
យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ការផ្អាកចរាចរណ៍សម្រាប់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញធុនតូច ធុនធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ដោយសា្ថនភាពផ្លូវជាតិលេខ ៤៣ នេះ ទឹកបាន និង កំពុងហូរកាត់ផ្លូវជាច្រើនកន្លែង បណ្ដាលឱ្យហូរច្រោះដាច់តួផ្លូវ និង អាចកាត់ផ្ដាច់ទាំងស្រុងក្នុងករណីមានភ្លៀងបន្តបន្ទាប់មកទៀត។
ដោយឡែក ចំពោះផ្លូវខេត្តលេខ ១៣២ ស្ថិតក្នុងភូមិក្រាំងមេត្រី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយក្នុងរយៈពេល ២-៣ ថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ច្រើន និង បន្តធ្លាក់មកជាបន្តបន្ទាប់បណ្ដាលឱ្យកម្ពស់ទឹកកើនឡើង ជន់លិចផ្លូវ ធ្វើឱ្យទឹកហូរច្រោះក្បាលស្ពាន និង កាត់ផ្លូវដាច់ទាំងស្រុង ដូចនេះដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមប្រកាសផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងតទៅរហូតដល់មានការជូនដំណឹងជាថ្មី៕
ប្រភព និង រូបភាព ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន