ដំណឹងរីករាយ! ទិន្នន័យជំរឿនបង្ហាញថា សត្វក្រៀលនៅកម្ពុជាមានការកើនឡើង
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅក្រសួងបរិស្ថាន បានបង្ហោះសារជាព័ត៌មានថា ទិន្ន័យជំរឿនសត្វក្រៀលនៅកម្ពុជា ក្នុងឆ្នាំ ២០២៣ នេះ មានការកើនឡើងច្រើនជាងមុន។ យោងតាមសារបង្ហោះរបស់ក្រសួងបរិស្ថាន សត្វក្រៀលជាប្រភេទបក្សីមានទម្ងន់ធ្ងន់ និង ខ្ពស់ជាងគេអាចហើរបានក្នុងរយៈចម្ងាយឆ្ងាយ ដែលបច្ចុប្បន្តកំពុងតែទទួលរងការគំរាមកំហែង ឈានដល់ជិតផុតពូជ ដោយទិន្នន័យជំរឿនកាលពីឆ្នាំ ២០០២ បានកត់ត្រាថានៅកម្ពុជា និង វៀតណាម មានចំនួន ៨៧៨ ក្បាលហើយធ្លាក់ដល់ ១៥៦ ក្បាលវិញនៅឆ្នាំ ២០២២ កន្លងទៅ។
នៅឆ្នាំ ២០២៣ នេះ ក្រសួងបរិស្ថានបានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅកម្ពុជា ចាប់ពីខែធ្នូ ចុងឆ្នាំ ២០២២ ដល់ខែឧសភា ឆ្នាំ ២០២៣ នេះបានចំនួនខ្ពស់បំផុតគឺ ក្នុងខែកុម្ភៈ ១៨០ ក្បាល ដែលតួលេខថ្មីនេះបង្ហាញជាសញ្ញាវិជ្ជមាន បើប្រៀបធៀបទៅនឹងលទ្ធផលឆ្នាំ ២០២២ ដែលរាប់បានតែ ១៥៦ ក្បាល និង ឆ្នាំ ២០២១ រាប់បានតែ ១៦១ ក្បាល។
មិនតែប៉ុណ្ណោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានមានប្រសាសន៍ដែរថា ៖ «វាជាដំណឹងដ៏រីករាយ ដែលលទ្ធផលជំរឿនឆ្នាំ ២០២៣ បង្ហាញពីសញ្ញាវិជ្ជមាន ព្រោះថាទិន្នន័យជំរឿនសត្វក្រៀលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយបានបង្ហាញតែនិន្នាការថយចុះរហូត»។
លើសពីនេះទៅទៀតឯកឧត្តមបានបន្ថែមទៀតថា ៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានទាំងអស់ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឱ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និង ការជួញដូរសត្វព្រៃខុសច្បាប់ ហើយមកចូលរួមក្នុងសកម្មភាពអភិរក្សឱ្យកាន់តែសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និង អង្គការដៃគូ និង អំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការលក់ ទិញបរិភោគសាច់សត្វព្រៃ ដើម្បីយើងរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និង ការជួញដូរសត្វខុសច្បាប់នៅកម្ពុជា ហើយរួមគ្នាជំរុញការអភិរក្សធនធានសត្វព្រៃ និង ជីវៈចម្រុះឱ្យបានកាន់តែប្រសើរសម្រាប់ពង្រឹងវិស័យអេកូទេសចរណ៍ និង អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យរុងរឿងថែមទៀត»។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០២១ កន្លងទៅប្រទេសកម្ពុជា បានកត់ត្រាចំនួនសត្វក្រៀលសរុបចំនួន ១៥៦ ក្បាលក្នុងក្របខ័ណ្ឌនៃជំរឿនសត្វនេះតាមបណ្តាតំបន់ទីជម្រកសំខាន់ៗនៅទូទាំងប្រទេស៕