ឡានធុនធ្ងន់សូមរកផ្លូវវាង! ផ្លូវជាតិលេខ ៣៣ A ក្នុងខេត្តកែប ផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន ព្រោះជំនន់ទឹកភ្លៀង
នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នេះក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហោះសេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន នូវផ្លូវជាតិលេខ ៣៣ A ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារទឹកភ្លៀង។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននេះ ផ្អាកចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៣៣ A ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹករហូតដល់ទីប្រជុំជនផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្រ្តខេត្តកែប ដោយសារតែរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តកែប បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ជោគជាំជាបន្តបន្ទាប់ ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចលង់ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះស្ទើរតែទាំងស្រុង។
ជាមួយគ្នានេះដែរ ដើម្បីការពារតួផ្លូវកុំឱ្យរងការខូចខាតធ្ងន់ធ្ងរ មន្ទីរសាធារណការ និង ដឹកជញ្ជូន ប្រកាសឱ្យផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងតទៅរហូតដល់អាកាសធាតុមានសភាពល្អប្រសើរឡើងវិញ។ ដោយឡែកសម្រាប់រថយន្តគ្រួសារ ត្រូវធ្វើដំណើរដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ៕