(វីដេអូ) សំណាបយោងដីស្រីយោងប្រុស! ភ្ជាប់ពាក្យរួច លោក សាន សុជា និង គូដណ្ដឹង ហៅគ្នាយ៉ាងពីរោះតាមប្រពៃណី
ដំណឹងមង្គលនៃពិធីភ្ជាប់ពាក្យរបស់លោក សាន សុជា និង កូនក្រមុំឈ្មោះ ឡៅ ដានេ ដែលបានប្រារព្ធឡើងយ៉ាងរីករាយ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនៅក្នុងប្រទេសកម្ពុជា និង ទាំងនៅទឹកដីប្រទេសអូស្រ្តាលី។
ពិតណាស់ ពិធីភ្ជាប់ពាក្យនេះ បានរៀបចំនៅស្រុកខ្មែរផង និង នៅប្រទេសអូស្រ្តាលីផង ដោយឪពុកម្ដាយចាស់ទុំទាំងសងខាង បានរៀបចំពិធីចូលស្ដីដណ្ដឹងតាមប្រពៃណីនៅស្រុកខ្មែរ ចំណែកឯកូនប្រុសនិង កូនស្រី បានតុបតែងខ្លួនបែបប្រពៃណីខ្មែរ សំពះផ្ទឹមធ្វើពិធីបំពាក់ចិញ្ចៀននៅប្រទេសអូស្រ្តាលី។
បន្ទាប់ពីចប់ពិធីភ្ជាប់ពាក្យ ដោយមានការបង្ហោះសាររូបភាព វីដេអូ និង សារជូនពរជាច្រើនដល់អនាគតគូស្វាមីភរិយាថ្មីពាសពេញបណ្ដាញសង្គមហើយនោះ លោក សាន សុជា និង គូដណ្ដឹង បានឡាយវីដេអូ ថ្លែងអំណរគុណដល់បងប្អូនញាតិមិត្តជិតឆ្ងាយ និង មហាជនទាំងអស់ ដែលបានចូលរួមជូនពរ ក៏ដូចជាអបអរសាទរដល់អ្នកទាំងពីរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងវីដេអូឡាយថ្លែងអំណរគុណនោះ ភាគីកូនស្រី ឡៅ ដានេ បានហៅលោក សាន សុជា ថា «លោកគ្រូៗ» ប្រកបដោយការគោរព ចំណែកឯលោក សាន សុជា វិញ លោកបានហៅគូដណ្ដឹងថា «នាង»។ ក្នុងនោះ លោកក៏បានលើកឡើងដែរថា លោកសាកហៅគូណ្ដឹងថា នាង សិន បើថ្ងៃក្រោយប្រែប្រួលយ៉ាងណាចាំគិតបន្តទៀត ព្រោះកាលពីដើមមក ប្ដីតែងហៅប្រពន្ធថានាង គឺភាសាពីរោះណាស់ បញ្ជាក់ពីការគោរពមួយចំពោះប្រពន្ធ។ សូមទស្សនាវីដេអូខាងក្រោម ៖