ប្តីប្រពន្ធពីរនាក់ត្រូវអ្នកជិតខាងប្តឹង ក្រោយលក់កូនអាយុ ៨ ខែឱ្យគេយកលុយទិញ iPhone ទុកលេង Instagram
ប្ដីប្រពន្ធមួយគូនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា ត្រូវបានជាប់ចោទពីបទលក់កូនខ្លួនឯង ដែលមានអាយុត្រឹម ៨ ខែ ដើម្បីតែចង់បានលុយយកទិញទូរស័ព្ទ iPhone 14 ទុកថតរូប និង វីដេអូផុស Instagram លេង។
តាមសារព័ត៌មាន Times of India បានឱ្យដឹងថា ប៉ូលិសរដ្ឋ West Bengal ទើបតែចាប់ខ្លួនបានម្ដាយរបស់ក្មេងតូចនោះប៉ុណ្ណោះ ចំណែកឯបុរសជាឪពុក កំពុងរត់គេចខ្លួននៅឡើយ។ គួរឱ្យដឹងថា ដើមហេតុដំបូង គឺអ្នកជិតខាងរបស់ប្ដីប្រពន្ធចិត្តខ្មៅមួយគូនោះ បានកើតការសង្ស័យ ព្រោះសុខៗស្រាប់តែលែងឃើញកូនតូចរបស់ពួកគេ។
ស្រាប់តែក្រោយមកទៀត ក៏ប្រទះឃើញពីរនាក់ប្ដីប្រពន្ធនោះ មាន iPhone 14 យ៉ាងថ្មីកាន់ក្នុងដៃ ហើយតែងថតវីដេអូបង្ហោះលេងលើ Instagram ទៀត ហេតុនេះហើយទើបពួកគេសង្ស័យកាន់តែខ្លាំង ព្រោះថាប្ដីប្រពន្ធនេះអ្នកជិតខាងដឹងច្បាស់ថាមិនមានសមត្ថភាពទិញទូរស័ព្ទទំនើបបែបនេះនោះឡើយ ក៏សម្រេចចិត្តទៅរាយការណ៍ប្ដឹងអាជ្ញាធរតែម្ដង។
ក្រោយទទួលបានពាក្យបណ្ដឹង ប៉ូលិសក៏បានចុះស្រាវជ្រាវ ហើយក៏រកឃើញថាក្មេងតូចអាយុ ៨ ខែនោះ ត្រូវបានគេលក់ទៅឱ្យស្ត្រីម្នាក់នៅក្រុង Khardaha រដ្ឋ West Bengal ដូចគ្នា ដោយស្ត្រីរូបនោះក៏ត្រូវបានប៉ូលិសចាប់ខ្លួន ជុំវិញករណីជួញដូរមនុស្សខុសច្បាប់។ ចំណែកឯស្ត្រីជាប្រពន្ធ និង ត្រូវជាម្ដាយក្មេងរងគ្រោះ ក៏ត្រូវប៉ូលិសចាប់ខ្លួនដូចគ្នា ខណៈបុរសជាឪពុកកំពុងរត់គេចខ្លួននៅឡើយ៕