ជួយលោកយាយផង! កំពុងសម្រាន្តសុខៗ ត្រូវខ្យល់កន្រ្តាក់បក់ឱ្យរលំផ្ទះសង្កត់លើតាំងពីម៉ោង ២ យប់ ដល់ព្រឹកទើបមានគេជួយ
ថ្មីៗនេះអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការរំជួលចិត្តជាខ្លាំង ក្រោយបានឃើញមានសារបង្ហោះភ្ជាប់ជាមួយរូបភាពរបស់យាយចាស់ម្នាក់ ដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់បក់រលំផ្ទះបាក់សង្កត់លើ។
យោងតាមគណនីហ្វេសប៊ុកមួយលោក ស្រេន វុធថា ដែលជាតារាសម្តែងល្បីម្នាក់នោះ បានបង្ហោះឱ្យដឹងថា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ លោកយាយម្នាក់រស់នៅក្នុងភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងតែសម្រាន្តម្នាក់ឯងក្នុងផ្ទះ ស្រាប់តែត្រូវបានខ្យល់កន្រ្តាក់បោករលំផ្ទះសង្កត់លើ តាំងពីម៉ោង ២ ទៀបភ្លឺ រហូតដល់ម៉ោង ៦ ព្រឹក ទើបមានអ្នកជិតខាងដឹងជួយហៅឡានពេទ្យ និង ទាញចេញពីក្រោមផ្ទះ។
ខណៈពេលនេះដែរ លោកយាយជាជនរងគ្រោះបាន និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបើតាមការបង្ហោះពីលោក ស្រេន វុធថា ក៏បានបញ្ជាក់ និង អំពាវនាវសុំឱ្យជួយលោកយាយផងដែរ ព្រោះពេលនេះលោកយាយគ្មានកន្លែងស្នាក់នៅឡើយ ហើយក៏មានរបួលជាប់ខ្លួនទៀត។ គួរឱ្យដឹងថា លោកយាយខាងលើរស់នៅក្នុងភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត៕