រដ្ឋបាលខេត្តព្រះសីហុន ប្រកាសឱ្យផ្អាកធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានពីរនេះបណ្ដោះអាសន្ន ព្រោះទឹកជន់លិច
រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បានប្រកាសជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នផ្លូវជាតិលេខ ៤ ព្រោះតែទឹកជន់លិច។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ស្ថានភាពផ្លូវជាតិលេខ ៤ ដោយរយៈពេល ២-៣ ថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ ៤ ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និង ត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ ដល់គីឡូម៉ែត្រលេខ ១០៨។
អាស្រ័យហេតុនេះហើយ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មីម្ដងទៀត ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ។
យ៉ាងណាមិញ តាមសេចក្ដីជូនដំណឹងក៏បានបញ្ជាក់ដែរថា សាធារណជន និង បងប្អូនប្រជាពលរដ្ឋអាចផ្លូវវៀងជាបណ្ដោះអាសន្នសិន ឬ អាចប្រើប្រាស់ផ្លូវល្បឿនលឿនបាន៕
ប្រភព និង រូបភាព ៖ រដ្ឋបាលខេត្តព្រះសីហនុ និង ក្រសួងធនធានទឹក និង ឧតុនិយម