មានអ្នកស្គាល់ទេ? ផ្សិតព្រៃមួយប្រភេទនេះមានរូបរាងចម្លែក អ្នកខេត្តព្រះវិហារយកធ្វើបង្អែមញ៉ាំបាន
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម ហាក់មានការចាប់អារម្មណ៍ជាខ្លាំងទៅលើផ្សិតមួយប្រភេទ ដែលមានរូបរាងចម្លែកប្លែកគេ និង កម្របានឃើញពីមុនមក ដោយផ្សិតប្រភេទនេះត្រូវបានគេអះអាងថា អាចយកមកធ្វើបង្អែមញ៉ាំបាន។
ពាក់ព័ន្ធនឹងរឿងនេះដែរ ហ្វេសប៊ុកផេក ជីវៈចម្រុះនៃប្រទេសកម្ពុជា ក៏បានឱ្យដឹងដែរថា ផ្សិតមួយប្រភេទនេះមានឈ្មោះថា ផ្សិតកែវ និង មានឈ្មោះវិទ្យាសាស្រ្តថា Calostoma insigne ដែលជាផ្សិតព្រៃម្យ៉ាងមានលក្ខណៈខុសពីផ្សិតដទៃ ព្រោះវាមានរូបរាងដូចទៅនឹងនំអង្គញ់អណ្តែត។
មិនតែប៉ុណ្ណោះ ផ្សិតប្រភេទនេះជាទូទៅមានដុះលូតលាស់នៅបណ្តាប្រទេសមួយចំនួនមានដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កោះប៉ាពួញូវជីនៀ ហើយវាក៏ទើបត្រូវបានរកឃើញនៅប្រទេសកម្ពុជាយើងថ្មីនេះៗផងដែរ គឺនៅក្នុងខេត្តព្រះវិហារ ដែលត្រូវបានអ្នកខេត្តព្រះវិហារ យកមកធ្វើបង្អែមសម្រាប់បរិភោគ។
គួរបញ្ជាក់ដែរថា មិនមែនមានតែកម្ពុជាទេដែលបរិភោគផ្សិតនេះ សូម្បីតែនៅប្រទេសថៃ និង កោះបរនេអូ ក៏យកផ្សិតកែវនេះទៅបរិភោគដែរ៕