អាណិតណាស់! ធ្លាក់ពីអង្រឹងបាក់ជើងតាំងពីអាយុ ៦ ខែ តែស្រឡាញ់ការសិក្សា តស៊ូទៅរៀនទាំងដើរប៉័ងពៀច
នាពេលថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញក្ដីអាណិតអាសូរ និង ការចាប់អារម្មណ៍ជាខ្លាំងចំពោះក្មេងប្រុសម្នាក់ដែលតស៊ូទៅរៀនទាំងបាក់ឆ្អឹងជើង ដោយការបាក់នេះគឺមានតាំងពីអាយុ ៦ ខែមកម្ល៉េះ។
យោងតាមគណនីហ្វេសប៊ុកតារាសម្តែង ស្រេន វុធថា បានបង្ហោះសារជាដំណឹងឱ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះ នី បានបាក់ជើងតាំងពីអាយុ ៦ ខែ ដោយសារធ្លាក់ពីលើអង្រឹង។ ម្ដាយក៏បានយកទៅពេទ្យសៀមរាប ហើយពេទ្យបានណាត់ឱ្យ ៣ ខែក្រោយមកពិនិត្យម្ដងទៀត ប៉ុន្តែដោយសារតែម្ដាយមិនចេះអក្សរ ទើបគិតថា ៣ ឆ្នាំក្រោយពេទ្យណាត់មកពិនិត្យម្ដងទៀត ទើបទុកកូនរហូតដល់បាក់ឆ្អឹង។
មិនតែប៉ុណ្ណោះ លោកបានបង្ហោះបញ្ជាក់ទៀតថា ទាំងក្រ ទាំងគ្មានចំណេះ ទើបចេះតែទុកកូនរហូតដល់ដំណាក់កាលនេះ ឱ្យកូនទៅរៀនទាំងបាក់ឆ្អឹង។ ជាមួយគ្នានេះដែរ លោក ស្រេន វុធថា ក៏បានអំពាវនាវដល់បងប្អូនណាដែលមានសម្ភារសិក្សា ឬ សម្លៀកបំពាក់ អាចឧបត្ថម្ភដល់ក្មេងប្រុស នី បាន គឺសូមចូលរួមជាមួយលោក ដើម្បីកុំឱ្យប្អូនបោះបង់ការសិក្សា ព្រោះតែជីវភាពខ្វះខាត។
គួរបញ្ជាក់ដែរថា ក្មេងប្រុសឈ្មោះ នី នេះមានលំនៅឋាននៅក្នុងភូមិ មេមៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្ននេះម្ដាយរបស់ក្មេងក៏បាននាំកូនទៅមន្ទីរពេទ្យខេត្ត ដើម្បីទទួលបានការព្យាបាលហើយ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ