អង្គការឧតុនិយមពិភពលោក កំណត់ថាខែកក្កដា ឆ្នាំ ២០២៣ ជាខែក្ដៅជាងគេបំផុតក្នុងពិភពលោក
សារព័ត៌មាន Reuters កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បានចុះផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយថា ៖ «ខែកក្កដា ឆ្នាំ ២០២៣ ត្រូវបានកំណត់ជាខែ ដែលក្ដៅបំផុតក្នុងពិភពលោក»។
អង្គការឧតុនិយមពិភពលោក (WMO) និង សេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ខែកក្កដាឆ្នាំ ២០២៣ បានបំបែកកំណត់ត្រាអាកាសធាតុពិភពលោក។ ឥទ្ធិពលនៃកម្ដៅក្នុងខែនេះគឺត្រូវបានមើលឃើញជាក់ស្ដែងនៅទូទាំងពិភពលោក ដោយសីតុណ្ហភាពនៅភាគពាយព្យនៃប្រទេសចិន បានកើនឡើងដល់ ៥២.២ អង្សាសេ ដែលបានបំបែកកំណត់ត្រាជាតិ»។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ខែកក្កដា ឆ្នាំ ២០២៣ នេះ ត្រូវបានប៉ាន់ប្រមាណថា មានសីតុណ្ហភាពលើសពីមធ្យមដល់ទៅ ១.៥ អង្សាសេ ដោយ WMO បញ្ជាក់ថា ត្រឹមតែ ៣ សប្តាហ៍ដំបូងនៃខែកក្កដានេះគឺ ក្ដៅបំភុតសម្រាប់ពិភពលោកហើយ។ ជាធម្មតា សីតុណ្ហភាពជាមធ្យមសកលសម្រាប់ខែកក្កដាគឺ ប្រមាណជា ១៦ អង្សាសេ ប៉ុន្តែនៅក្នុងឆ្នាំ ២០២៣ នេះ វាបានឡើងដល់ ១៧ អង្សាសេហើយ។
យ៉ាងណាមិញ ការសិក្សារបស់អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ដែរថា សីតុណ្ហភាពក្តៅបានប៉ះពាល់ដល់តំបន់នានានៃភពផែនដី ដូចជា ភ្លើងឆេះព្រៃនៅកាណាដា បានឆេះក្នុងល្បឿនយ៉ាងលឿនមិនធ្លាប់មានពីមុនមក។ រលកកម្ដៅក្នុងសមុទ្រក៏បានកើនឡើងខ្លាំង ធ្វើឱ្យផ្កាថ្មនៅរដ្ឋផ្លរីដា ប្រែទៅជាពណ៌សស្លែត និង ខ្លះទៀតក៏ងាប់។ សូម្បីតែកន្លែងត្រជាក់បំផុតមួយនៅលើផែនដី (អង់តាក់ទិក) ក៏ឡើងកម្ដៅបណ្ដាលឱ្យរលាយផ្ទាំងទឹកកកដែរ។
គួរដឹងដែរថា ភពផែនដី កំពុងតែស្ថិតក្នុងដំណាក់កាលដំបូងនៃព្រឹត្តិការណ៍ El Nino ដែលជាទូទៅបាតុភូតនេះបានធ្វើឱ្យ សីតុណ្ហភាពកាន់តែក្តៅនៅជុំវិញពិភពលោក។ ហើយផលប៉ះពាល់នៃ El Nino ក៏ត្រូវបានគេរំពឹងដែរថា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅចុងឆ្នាំនេះ និង ដល់ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្ររំពឹងថា ឆ្នាំ ២០២៣ ឬ ២០២៤ នឹងក្លាយជាឆ្នាំក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ Reuters