ស្អាតណាស់! ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ជាផ្លូវការ
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ ហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានបង្ហោះសារជាព័ត៌មានថា ក្រសួងសម្រេចទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ជាផ្លូវការ។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា» សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០២៣ នេះ។
មិនតែប៉ុណ្ណោះ ក្រសួងបានបញ្ជាក់ទៀតថា សហគមន៍តំបន់ការពារធម្មជាតិ ដែលត្រូវបានទទួលស្គាល់នេះមានទំហំសរុប ៩៧.៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និង ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះ មានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និង ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោង ដែលបាន និង កំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និង ក្រសួងអភិវឌ្ឍន៍ជនបទក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដោយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និង ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និង បឹងទន្លេសាប។ ពេលបច្ចុប្បន្ន នេះគម្រោងបាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន ៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និង ខេត្តសៀមរាប៕
ប្រភព និង រូបភាព ៖ ក្រសួងបរិស្ថាន