ក្តៅគគុក! សមាជិកសភាអាមេរិកកំពុងសង្ស័យរដ្ឋាភិបាល ទាក់ទងនឹងរឿងលាក់បាំងការរកឃើញយាន្តក្រៅភព UFOs
ថ្មីៗនេះ ក្រុមសមាជិកសភា និង មន្រ្តីជាច្រើនរបស់អាមេរិក កំពុងតែសង្ស័យ និង ចោទប្រកាន់ទៅកាន់រដ្ឋាភិបាល ទៅលើរឿងការលាក់បាំងការរកឃើញយាន្តក្រៅភព UFOs ព្រមទាំងទាមទារឱ្យមានការដំណើរការក្តីបញ្ជាក់ការពិតទៀតផង។
ទាក់ទងនឹងរឿងនេះ មានសវនាការដែលត្រូវបានគេធ្វើឡើង ដោយមានអតីតយោធាចំនួន ៣ រូប បានចូលខ្លួនមកធ្វើជាសាក្សី។ ក្នុងនោះយោធាម្នាក់ៗបានសម្តែងក្តីបារម្ភថា ខាងរដ្ឋាភិបាលហាក់មានការលាក់លាមរឿងសន្តិសុខជាតិ ពោលគឺទាក់ទងនឹងរឿងយាន្តក្រៅភព UFOs។
ពួកគេក៏បានទម្លាយពីបទពិសោធរបស់ខ្លួន ដែលបានប្រទះរឿងរ៉ាវទាក់ទងជាមួយនឹងការប្រទះវត្ថុមិនស្គាល់អត្តសញ្ញាណនៅលើមេឃ ដែលសង្ស័យថាជា UFOs ខណៈបម្រើការងារនៅក្នុងជួរកងទ័ព ហើយក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាមួយរឿងនេះ ដើម្បីចៀសវាងឧប្បទ្ទវហេតុជើងអាកាស។
ដោយឡែក សវនាការនេះត្រូវបានគេធ្វើឡើងក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់លើសារសំខាន់នៃការយល់ដឹង និង ការដោះស្រាយបាតុភូតអាកាសដែលមិនស្គាល់អត្តសញ្ញាណទាំងនេះ ដើម្បីសុវត្ថិភាពទាំងយន្តហោះយោធា និង យន្តហោះស៊ីវិល។
ចំណែករដ្ឋាភិបាលក៏បាន និង កំពុងតាមដានករណីទាំងនេះដែរ ប៉ុន្តែមិនបានរកឃើញភស្តុតាងនៃជីវិតក្រៅភព ឬ អ្វីដែលគួរឱ្យសង្ស័យផ្សេងនោះទេ។ សម្រាប់សមាជិកសភាវិញ ក៏បានទាមទារឱ្យបើកទូលាយចំពោះការយល់ដឹងនឹងរឿងក្រៅភពនេះ ព្រមទាំងបានទាមទារឱ្យប្រព័ន្ធថ្មី ដែលអាចឱ្យពួកអាកាសយានិក ងាយស្រួលក្នុងការរាយការណ៍ពីឃើញករណីផងដែរ៕