គួរឱ្យអាណិត! អាយុទើប ៩ ឆ្នាំ តែនាងតូចបែរជារកឃើញថាមានជំងឺទឹកនោមផ្អែម
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ក្មេងស្រីម្នាក់មានអាយុទើបតែ ៩ ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានជំងឺទឹកនោមផ្អែម ប្រភេទទី ១ តម្រូវឱ្យចាក់អាំងស៊ុយលីនអស់មួយជីវិត។
ទាក់ទិនទៅនឹងរឿងរ៉ាវក្មេងស្រីនេះ បើតាមគណនីមួយដែលមានឈ្មោះ វេជ្ជបណ្ឌិត ឃន ភារម្យ បានបញ្ជាក់ឱ្យដឹងថា កត្តាមូលហេតុចម្បងគឺមិនមែនមកពីក្មេងញាំផ្អែម ឬ គ្រឿងកំប៉ុងច្រើននោះទេ អ្នកវិទ្យាសាស្រ្តបានធ្វើការសិក្សាស្រាវជ្រាវ គិតថាបញ្ហាចម្បងគឺទាក់ទងនឹងហ្សេនេទិក Genetic ឬ ជំងឺអូតូអីម្ញូន (Autoimmune) ឬ ពពួកវីរុសមួយចំនួន Coxsacki virus ដែលវាបានទៅបំផ្លាញកោសិកាលំពែងឱ្យខូច។
ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា បើបងប្អូនមានកូនតូចៗលើសជាតិស្ករខ្ពស់ក្នុងឈាម អស់កម្លាំង ស្រកគីឡូលឿន សូមប្រញាប់នាំក្មេងមកមន្ទីរពេទ្យ ឬ ជួបជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីតាមដានព្យាបាលជំងឺឱ្យបានត្រឹមត្រូវ ជៀសវាងផលលំបាកទៅថ្ងៃមុខ៕