ល្បិចថ្មី! ទៅញ៉ាំអីក្នុងហាងគេ លួចបៀមកន្លាតក្នុងមាត់ រួចបន្លំខ្ជាក់មកក្រៅ ចោទហាងថាគ្មានអនាម័យ គំរាមទារលុយ
មហាជនកំពុងហួសចិត្ត ជាមួយនឹងរឿងរ៉ាវរបស់បុរសម្នាក់ ដែលលួចបៀមកន្លាតក្នុងមាត់ រួចចូលទៅហូបអាហារក្នុងហាងគេ បន្លំខ្ជាក់មកក្រៅ ចោទហាងថាគ្មានអនាម័យ គំរាមទារលុយទៀត។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវនេះ បានកើតឡើងនាប្រទេសចិន ដោយបុរសរូបនេះ បានចូលទៅហូបនៅក្នុងហាងមួយកន្លែង រួចមួយសន្ទុះក្រោយមក ក៏បានហៅបុគ្គលិកឱ្យមកមើលសត្វកន្លាត ដោយបានអះអាងថា ខ្លួនហូបប៉ះនៅក្នុងម្ហូបដែលគេលើកមកឱ្យ។ ខាងហាងក៏មិនបានពិនិត្យអ្វីច្រើន ក៏បានព្យាយាមសម្របសម្រួល ដោយមិនគិតលុយ ហើយហ្រ្វីអាហារថ្មីឱ្យ តែបុរសរូបនេះមិនទទួលនោះទេ ហើយក៏បានគិតលុយថ្លៃអាហារធម្មតា គឺអស់ចំនួន ៤០ ដុល្លារ។
ខាងហាងក៏គិតថាចប់រឿងទៅហើយ តែពីរម៉ោងក្រោយមក ស្រាប់តែបុរសរូបនេះ ក៏មកអុកឡុកក្នុងហាង រួចទារឱ្យហាងសងជំងឺចិត្តគុណនឹង ១០ ដងនឹងថ្លៃអាហារ ថែមទាំងគំរាមយករឿងរ៉ាវទៅផុសនៅក្នុងបណ្តាញសង្គមទៀត។ ខាងហាងក៏សម្របសម្រួល សងលុយជំងឺចិត្តចំនួនប្រហែល ១៤០ ដុល្លារ តែក្រោយមកមិនអស់ចិត្ត ក៏បានទៅពិនិត្យមើលអាហារវិញ ទើបដឹងថា កន្លាតនោះមិនមែនមកពីក្នុងអាហាររបស់ខ្លួនឡើយ ហើយក៏បានប្តឹងប៉ូលិស ឯប៉ូលិសក៏ស៊ើបឃើញថា មានហាងផ្សេងក៏ជួបករណីស្រដៀងនេះដែរ។
ប៉ូលិសក៏បានចុះទៅឃាត់ខ្លួនបុរសនេះ នៅបន្ទប់សណ្ឋាគារ ហើយបានឆែកឆេរឃើញថា បុរសនេះ មានលាក់កំប៉ុងមានផ្ទុកទៅដោយសត្វកន្លាតនៅក្នុងវ៉ាលិសអីវ៉ាន់។ យ៉ាងណាមិញ ក្រោយពីគេឃាត់ខ្លួនបាន បុរសរូបនេះបានសារភាពថា ខ្លួនមិនធ្លាក់មិនមានការងារធ្វើ ទើបរកនឹកវិធីបោកប្រាស់ ដោយកន្លាតបៀមក្នុងមាត់ រួចចូលទៅហូបអាហារក្នុងហាងគេ បន្លំចោទគេថាគ្មានអនាម័យ និង គំរាមទារលុយបែបនេះ៕