អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចស្ថាបត្យកម្មទម្រង់ដើម
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានបង្ហោះសារជាព័ត៌មានថា ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងស្ដារស្រះទឹកខាងកើតនៃប្រាសាទបាយ័ន ឡើងវិញ ដើម្បីឱ្យដូចស្ថាបត្យកម្មទម្រង់ដើម។
យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនជាង ១០ ០០០ ដុំចេញពីគំនរ ដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹក នាភាគខាងកើតនៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត។
ជាមួយគ្នានេះដែរ ក្រុមការងារបានឱ្យដឹងដែរថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និង ដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប ហើយដើម្បីលើកតម្លៃ ព្រមទាំងស្តារស្រះទឹកទាំង ២ នៅភាគខាងកើតប្រាសាទបាយ័ន ឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និង ទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។
មិនតែប៉ុណ្ណោះ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា កាលពីចន្លោះឆ្នាំ ១៩១៩-១៩៣០ គំនរថ្មមួយផ្នែក ធ្លាប់បានប្រមូលម្ដងហើយ នៅក្នុងបរិវេណរួតទី ៣ និង នៅរោងទងទី ១ នៃប្រាសាទបាយ័ន ដោយអ្នកអភិក្សជនជាតិបារាំង ហើយក្រុមអ្នកជំនាញបានឱ្យដឹងទៀតថា ថ្មប្រាសាទបុរាណភាគច្រើន ដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័ន នោះ ជាប្រភេទថ្មដំបូល ៥០ ភាគរយ និង ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន ព្រមទាំងថ្មចម្លាក់តូចៗ ដែលបាក់បែកមុខជាដើម។
គួរបញ្ជាក់ដែរថា ក្នុងដំណាក់កាលដំបូងនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា នឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន ក្រោយពីរើថ្មអស់ហើយនឹងបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ រួចយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន ហើយរហូតមកដល់ពេលនេះ ក្រុមការងារបានរើផ្ទាំងថ្មទៅដាក់ផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង ៤ ពាន់ដុំហើយ។
គួរដឹងដែរថា ថ្មប្រាសាទបុរាណ ដែលគេត្រូវរើចេញពីគំនរទាំងអស់មានប្រហែល ២ ម៉ឺនដុំ ដោយការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៣ មកម៉្លេះ ហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហា ឬខែកញ្ញាខាងមុខនេះ៕
ប្រភព និង រូបភាព ៖ យី សុថា/ ភោគ ជា/ អាជ្ញាធរជាតិអប្សរា