អស់ស្ទះ! ក្រុមហ៊ុនមួយនៅជប៉ុន គ្រោងសង់ផ្ទះបន្តោងដើមឈើ លំដាប់សណ្ឋាគារផ្កាយ ៥ ពិភពលោក លើភ្នំគូលែន
មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យបានដឹងថា ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណីតៗ ដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណីតកម្រិតសណ្ឋាគារផ្កាយ ៥ ពិភពលោក (Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ។
ទាក់ទិនទៅនឹងរឿងនេះ បើតាមប្រភពបានបញ្ជាក់ថា លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឱ្យដឹងថា កាលពីដើមឆ្នាំ ២០២៣ នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណីតៗនៅលើកោះអូគីណា បានអញ្ជើញមកប្រទេសកម្ពុជា ដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ៖ «បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa មានចំណាប់អារម្មណ៍ក្នុងការសាងសង់ផ្ទះបន្តោងប្រណីត នៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស មកពិនិត្យវាយតម្លៃអំពីសក្តានុពល និង ផលប៉ះពាល់នៅតំបន់នេះ និង ឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ ខណៈតំបន់ភ្នំគូលែននេះ មានដើមឈើធំៗ មានទឹក មានសត្វព្រៃ និងនៅជិតអតីតរាជធានីបុរាណផងដែរ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ»។
លោក Katsuhito បន្តទៀតថា បើទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គម្រោងនេះ នឹងផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរ ព្រោះថា ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ពិសេសវានឹងជួយទាក់ទាញអ្នកទេសចរដែលមានគុណភាពឱ្យមកលេង និងពន្យាពេលស្នាក់នៅកម្ពុជា ក្នុងខេត្តសៀមរាបផ្ទាល់។ លោក Katsuhito បានលើកឡើងទៀតថា ផ្ទះបន្តោងនេះ វានឹងត្រូវរចនាឡើងដោយប្រណីតភាព វាក៏ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថាន ខណៈប្រទេសជប៉ុន ជាប្រទេសដែលស្រឡាញ់បរិស្ថាន ដូច្នេះគម្រោងនេះ វាមិនបានបំផ្លាញបរិស្ថាននោះទេ ហើយវាក៏ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) ហេតុនេះពេលគម្រោងនេះអនុវត្ត កម្ពុជាក៏អាចក្លាយជាគោលដៅដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលគេបានស្គាល់កម្ពុជា តាមរយៈផ្ទះបន្តោងដើមឈើ (Tree house) របស់ក្រុមហ៊ុន TreeFulនេះ ។
យោងតាមក្រុមហ៊ុន បានឱ្យដឹងទៀតថា ផ្ទះបន្តោងនេះ ជាគំនិតច្នៃប្រឌិតមួយ ដែលផ្សាភ្ជាប់នឹងបរិស្ថាន និងជីវៈចម្រុះ វាមិនបានបំផ្លាញដើមឈើនោះទេ តែវាបានជួយការពារដើមឈើពីការកាប់បំផ្លាញ ដែលសូម្បីតែការសាងសង់ក៏គេបានគិតយ៉ាងល្អិតល្អន់ពីសុវត្ថិភាពរបស់ដើមឈើទាំងនោះដែរ គឺមិនមានការប៉ះពាល់សូម្បីតែដែកគោលមួយដើមក៏គេមិនបានដំចូលទៅក្នុងដើមឈើដែរ៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប