ព្រះអើ-យ! កំពុងបោកខោអាវ ភ្លេចខ្លួនបន្តិច កូនតូច ២ ខួប ធ្លាក់ចូលអណ្ដូង ផុ.តជី-វិតត្រឹមមួយប៉ប្រិចភ្នែក
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ព័ត៌មានពីករណីកុមារីម្នាក់ មានឈ្មោះ រ៉េត សាវីតា អាយុ ២ ឆ្នាំ បានលង់ទឹកស្លាប់ត្រង់ចំណុចក្រុមទី ០៦ ភូមិស្វាយជ្រុំ ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ១២ និង ៣០ នាទី។
យោងតាមការបញ្ជាក់ពីម្តាយជនរងគ្រោះឈ្មោះ អិន សុរិន អាយុ ២៣ ឆ្នាំ បានបំភ្លឺថា ថ្ងៃកើតហេតុ ខ្លួនកំពុងបោកខោអាវនៅខាងក្រោយផ្ទះ ខណៈកូនទាំងពីរនៅលេងក្បែរខ្លួន បន្ទាប់ពីបោកខោអាវរួចប្រហែល ២០ នាទី ស្រាប់តែបាត់កូនទាំងពីរនាក់បងប្អូន ទើបខ្លួនបានដើររក ក៏ប្រទះឃើញកូនប្អូនលង់ទឹកស្លាប់ក្នុងអណ្ដូងជីកក្នុងអូរមុខផ្ទះ ចំណែកកូនបងនៅរស់បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ទើបមករាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើកុមារីរងគ្រោះឈ្មោះ រ៉េត សាវីតា ពិតជាលង់ទឹកអណ្ដូងជីកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕