អ្នកវិទ្យាសាស្ត្រកំពុងបារម្ភ ផ្កាថ្មនៅរដ្ឋ Florida ប្រឈមនឹងការផុតពូជ ដោយសារអាកាសធាតុក្ដៅខ្លាំង
សារព័ត៌មាន CBS នាពេលថ្មីៗនេះបានចុះផ្សាយថា អ្នកវិទ្យាសាស្រ្តកំពុងតែបើកប្រតិបត្តិការសង្គ្រោះបន្ទាន់មួយ ដើម្បីជួយសង្រ្គោះផ្កាថ្មនៅរដ្ឋ Florida ឱ្យចៀសផុតពីការផុតពូជ ក្រោយពីផ្កាថ្មទាំងនោះបានប្រែទៅជាពណ៌សស្លែត ដោយសារកត្តាសីតុណ្ហភាពនៅបាតសមុទ្រមានការប្រែប្រួល។
តាមប្រភពមួយទៀតបានឱ្យដឹងថា អ្នកជំនាញផ្កាថ្ម បានលើកឡើងថា ថ្មប៉ប្រះទឹកជាច្រើននៅជុំវិញរដ្ឋ Florida ឥឡូវនេះ បានប្រែជាពណ៌សស្លែត ឬងាប់ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ ដែលបានធ្វើឱ្យអ្នកជំនាញមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាផុតពូជនៃផ្កាថ្ម ប្រសិនបើកម្ដៅសមុទ្រនៅតែបន្តកើនឡើង ហើយកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ កម្ដៅខ្លាំង និង កង្វះភ្លៀង បានបណ្ដាលឱ្យសីតុណ្ហភាពទឹកនៅជុំវិញរដ្ឋ Florida ឈានដល់កម្រិតក្ដៅបំផុតមិនធ្លាប់មានពីមុនមក ខណៈដែលឈូងសមុទ្រ Florida មានសីតុណ្ហភាពឡើងដល់ ៣៩ អង្សា នៅជម្រៅត្រឹមតែ ១.៥ ម៉ែត្រប៉ុណ្ណោះ។
យ៉ាងណាមិញ យោងតាមការចុះផ្សាយបានឱ្យដឹងទៀតថា ជាធម្មតា ផ្កាថ្មមានប្រតិកម្មខ្លាំងចំពោះការប្រែប្រួលសីតុណ្ហភាព ដោយពេលសីតុណ្ហភាពក្តៅខ្លាំង ក្នុងរយៈពេលយូរពេក នឹងធ្វើឱ្យផ្កាថ្មប្រែពណ៌ ទៅជាពណ៌ស ហើយរបាយការណ៍មួយទៀត បានមកពីមូលនិធិស្តារផ្កាថ្ម បានរកឃើញថា ផ្កាថ្មនៅថ្មប៉ប្រះទឹក Sombrero ក្បែរឆ្នេរសមុទ្រ Marathon ក្នុងរដ្ឋ Florida បានងាប់ទាំងអស់ ដោយលោក Katie Lesneski អ្នកសម្របសម្រួលតាមដានសម្រាប់បេសកកម្មរបស់ NOAA បាននិយាយថា ៖ «ផ្កាថ្ម មិនអាចនៅក្នុងសីតុណ្ហភាពក្ដៅខ្លាំងទេ»។
គួរបញ្ជាក់ដែរថា តាមអ្នកជំនាញ រាល់បំណែកផ្កាថ្ម ដែលបានរក្សាទុកសម្រាប់ពិសោធន៍បានងាប់អស់ចំនួន ១០ ភាគរយ ហើយវានឹងជួយឱ្យដឹងថា តើប្រភេទផ្កាថ្មណាអាចរស់រានមានជីវិតក្នុងមហាសមុទ្រក្តៅបាន និង ជាមូលដ្ឋានគ្រឹះមួយសម្រាប់ស្ដារផ្កាថ្មនៅរដ្ឋ Florida ឡើងវិញ៕
ប្រភព ៖ CBS News