ត្រៀមផ្លិតបក់ឱ្យហើយទៅ! ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ នឹងមានការរអាក់រអួលអគ្គិសនីនៅតំបន់ទាំងនេះ
អគ្គិសនីកម្ពុជា កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខានានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កជាលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា នៅតាមតំបន់មួយចំនួន និង ទីកន្លែងមួយចំនួន នឹងមានបញ្ហារអាក់រអួលខ្លះៗទៅតាមពេលវេលា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ។ ចំពោះតំបន់ ដែលនឹងជួបបញ្ហាមានដូចជា ៖
១. ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ មានខណ្ឌទួលគោក, ខណ្ឌច្បារអំពៅ និង ខេត្តកណ្ដាល។ ចាប់ពីម៉ោង ៨ ដល់ម៉ោង ១៦ មានខណ្ឌឫស្សីកែវ, ខណ្ឌចំការមន, ខណ្ឌសែនសុខ និង ខណ្ឌច្បារអំពៅ។
២. ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ មានខណ្ឌដង្កោ និង ខណ្ឌច្បារអំពៅ ហើយក្នុងចន្លោះម៉ោង ៨ ដដែលដល់ម៉ោង ១៦ មានខណ្ឌឫស្សីកែវ, ខណ្ឌជ្រោយចង្វារ, ខណ្ឌសែនសុខ និង ខណ្ឌព្រែកព្នៅ។
៣. ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ ចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ មានខណ្ឌចំការមន និង ខណ្ឌទួលគោក ហើយក្នុងចន្លោះម៉ោង ៨ ដដែលដល់ម៉ោង ១៦ មានខណ្ឌសែនសុខ, ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌច្បារអំពៅ។
៤. ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ មានខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ, ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល ហើយនៅម៉ោង ៨ ដដែលដល់ម៉ោង ១៦ មានខណ្ឌចំការមន និង ខណ្ឌមានជ័យ៕ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានក្នុងសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម ៖