ជួយដូនចាស់ផង! ជីដូនដែលជិះកង់លក់ឈូកត្រូវម៉ូតូប៉ះថ្ងៃមុន ពេលនេះកំពុងត្រូវការឈាមជាច្រើនប្លោក ដើម្បីសង្គ្រោះជីវិត
កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញក្ដីអាណិតអាសូរជាខ្លាំងចំពោះលោកយាយម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងជិះកង់លក់ឈូកតាមផ្លូវ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ញិល សំណាង បានបង្ហោះសាររៀបរាប់ថា ៖ «លោកយាយឈ្មោះ យាយ អាង អាយុ ប្រហែល ៧០ ឆ្នាំស្ដើង។ បច្ចុប្បន្នរស់នៅភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្នាក់នៅផ្ទះជាមួយដីវត្តទ័ពស្ដេច ដែលព្រះចៅអធិការផ្ដល់កន្លែងសង់រស់នៅម្នាក់ឯង) គ្មានប្ដី គ្មានកូន (ខ្លួនមួយ)។ ព្រឹកមិញ លោកយាយបានជិះកង់ទៅលក់ឈូកដូចសព្វដង (មុខរបរចិញ្ចឹមថ្ងៃជិះកង់លក់ឈូកតាមភូមិក្បែរៗផ្ទះ) ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកកង់នៅផ្សារស្នេហ៍ បណ្ដាលឱ្យបាក់ដៃ និង ជើង របួសច្រើនកន្លែងខ្លាំង»។ ក្រោយមកម្ចាស់សារបង្ហោះ ក៏បានបញ្ជាក់ថា ក្នុងពេលនេះលោកយាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែង ប៉ុន្តែដោយសារតែភាពខ្វះខាត ទើបម្ចាស់សារបង្ហោះអំពាវនាវឱ្យមានសប្បុរសជនជួយដល់លោកយាយផង។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ហ្វេសប៊ុកឈ្មោះ Phalla Phorn ក៏បានបង្ហោះឱ្យដឹងពីស្ថានភាពរបស់លោកយាយថា បច្ចុប្បន្ននេះលោកយាយត្រូវការឈាម ៦ ប្លោកដើម្បីវះកាត់ ព្រោះក្រៅពីរបួសខ្លាំងលើផ្ទៃមុខ ដៃ និង បាក់ជើង លោកយាយក៏មានឈាមកកក្នុងខួរក្បាលទៀត។
មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ទៀតថា សម្រាប់បងប្អូន ដែលអាចជួយផ្ដល់ឈាមបាន សូមទំនាក់ទំនងទៅលេខ ០៩៦ ៨០១ ០៦៩៦ / ០៨៦ ២០០ ៦៤០៕