ចិនរំភើបខ្លាំង ដែលសម្រេចបានការដាំទុរេនយ៉ាងជោគជ័យជាលើកដំបូង ក្រោយចំណាយពេលជាង ២ ឆ្នាំ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ បានឱ្យដឹងថា ចិនបានសម្រេចការធ្វើចម្ការទុរេនលើកដំបូងរបស់ខ្លួនហើយ នៅក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។
ចម្ការទុរេននេះ ត្រូវបានចំណាយពេលជាង ២ ឆ្នាំក្នុងការរៀបចំ និង មើលថែទាំយ៉ាងដិតដល់ ទម្រាំវាអំណោយផលឱ្យផ្លែ។ ចម្ការនេះត្រូវបានវិនិយោគដាំដុះដោយក្រុមហ៊ុន Hainan Youqi Argriculture Co., Ltd. នៅលើផ្ទៃដីចំនួន ៥ ០០០ រ៉ៃ ក្នុងខេត្ត Hainan។
ការប្រមូលផលជាលើកដំបូងនេះ ត្រូវគេរំពឹងថានឹងទទួលបានផ្លែទុរេនប្រមាណជាង ២៤៥០ តោន។ លោក Zhou Zhaoxi បានចែករំលែកឱ្យដឹងថា ៖ «ទុរេនមិនមែនជារុក្ខជាតិងាយស្រួលដាំនោះទេ វាត្រូវការការមើលថែទាំយកចិត្តទុកដាក់ ដោយវាត្រូវការជី និង ទឹកដិតដល់។ យ៉ាងណាមិញ ការប្រមូលផលគឺអាចបានតិចជាងការរំពឹងទុក ប៉ុន្ដែយើងបានបទពិសោធជាច្រើន ហើយរកឃើញថាបច្ចុប្បន្ននេះដើមវាមានសុខភាពរឹងមាំ អាចទ្រាំទ្រនឹងអាកាសធាតុរបស់ខេត្ត Hainan បាន ហើយនៅពេលអនាគតការប្រមូលផលអាចនឹងកើនឡើង ប៉ុន្ដែពួកយើងនៅតែសិក្សាបន្ដពីការថែទាំ និងពិនិត្យមើលរសជាតិរបស់វា»។
គួរបញ្ជាក់ឱ្យដឹងដែរថា ទុរេនត្រូវបានគេចាត់ទុកជាផ្លែឈើដែលមានតម្លៃថ្លៃមួយក្នុងទីផ្សារប្រទេសចិន ហើយក្នុងមួយឆ្នាំគឺមានការនាំចូលទុរេន ចន្លោះពី ២៤ ០០០ ទៅ ៣០ ០០០ តោន ពីប្រទេសវៀតណាម និង ថៃ៕