នៅមិននៅ យកលុយសែនទៅញាត់ក្នុងទូ ATM ឡើងគាំងម៉ាស៊ីន មានអីប៉ូលិសក្របួចជាប់ បានដេកប៉ុស្តិ៍លេង
រឿងរ៉ាវរបស់បុរសម្នាក់ ដែលបានយកលុយសែន ទៅញាត់ក្នុងទូ ATM ស្រាប់តែប៉ូលិសក្របួចបាន ធ្វើឱ្យមហាជនហួសចិត្តជាខ្លាំង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយអ្នកបង្កហេតុជាបុរសមានវ័យចំណាស់ម្នាក់។ បុរសវ័យចំណាស់រូបនេះ ត្រូវបានគេដឹងថា បានព្យាយាមយកលុយក្លែងក្លាយ ដែលជាក្រដាសសែនជាច្រើន ទៅញាត់ក្នុងទូ ATM របស់ធនាគារមួយ ហើយទូនោះក៏បានទទួលយកដូចជាក្រដាសប្រាក់ទូទៅ។
ក្រោយពីញាត់លុយចូលទូរួចហើយ បុរសរូបនេះក៏បានប្រញាប់ទៅឆែកក្នុងទូមួយទៀត ថាតើចំនួនលុយនោះបានចូលទៅក្នុងកុងរបស់ខ្លួនឬយ៉ាងណា តែលុយមិនបានចូលកុងដូចការគិតនោះទេ មានតែធ្វើឱ្យទូគាំងថែមទៀត ដែលចុងក្រោយបុរសនេះភ័យខ្លួន រួចក៏រត់បាត់ទៅ។
យ៉ាងណាមិញ មិនយូរប៉ុន្មាន ខាងធនាគារក៏បានប្តឹងប៉ូលិស ព្រោះមានទូ ATM គាំងខូចខាត ដោយសារតែមានអ្នកព្យាយាមញាត់លុយសែនចូលទៅ ហើយក្រោយពីស៊ើបតាមរយៈកាមេរ៉ាសុវត្ថិភាពរួច គេក៏ក្របួចបុរសចំណាស់ខាងលើបាន។ ដោយឡែក បុរសខាងលើ បានសារភាពថា ដែលធ្វើបែបនេះ ព្រោះមិនមានលុយចាយវាយ ម្យ៉ាងក៏ចង់សាកល្បងថា វិធីនេះអាចបញ្ចូលលុយចូលក្នុងកុងបានដែរឬទេ៕