ហ្វីលីពីន ចាប់ផ្ដើមជម្លៀសពលរដ្ឋតាមតំបន់សមុទ្រ ខណៈព្យុះទីហ្វុង Doksuri ជិតបោកបក់មកដល់
អាជ្ញាធរនាប្រទេសហ្វីលីពីន បានចេញបញ្ជាឱ្យមានការជម្លៀសពលរដ្ឋនៅតាមតំបន់ឈូងសមុទ្រភាគខាងជើងប្រទេស ខណៈព្យុះទីហ្វុង Doksuri បោកបក់ជិតមកដល់។
បើតាមការបញ្ជាក់ពីខាងភ្នាក់ងារអាកាសធាតុ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែកក្កដា នេះថា ព្យុះទីហ្វុង Doksuri មានកម្លាំងខ្យល់ជាអតិមរមា ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង នឹងបោកបក់ដល់ក្រុមកោះតូចៗចំនួន ៣ នៅភាគខាងជើងចុងបំផុតនៃកោះចម្បង Luzon។ ព្យុះនេះដែរ នឹងរំពឹងបោកបក់ដល់កោះ Babuyan ឬ ខេត្ត Cagayan នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ខាងមុខនេះ។
ជាមួយគ្នានោះដែរ កោះចំនួន ៣ ក្នុងចំណោមកោះចំនួន ៥ លើដែនដីកោះ Babuyan គឺមានពលរដ្ឋរស់នៅប្រមាណជា ២ ម៉ឺននាក់ ដែលជាហេតុធ្វើឱ្យមន្ត្រីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់ ចេញប្រកាសបញ្ជាឱ្យមានការជម្លៀសពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព ខណៈអ្នកនេសាទ ត្រូវយកទូកមកកាន់ឆ្នេរវិញជាបន្ទាន់៕