ចម្លាក់បង្កាន់ដៃនាគ ប្រាសាទបន្ទាយសំរ៉ែ ប្រវែង ២៤ ម៉ែត្រ កំពុងជួសជុល និង ផ្គុំឡើងវិញ
នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានបង្ហោះសារក្នុងបណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកឱ្យដឹងថា ចម្លាក់បង្កន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ កំពុងតែត្រូវបានជួសជុល និង ផ្គុំឡើងវិញ។
តាមសារបង្ហោះបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងតែបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង ២៤ ម៉ែត្រស្ថិតនៅខាងជើងឆៀងខាងកើតនៃប្រាសាទបន្ទាយសំរ៉ែ ដែលបានធ្លាក់បាក់ជាច្រើនកំណាត់អស់រយៈពេលជាយូរមកហើយឱ្យប្រសើរឡើងវិញ និង ដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាព សម្រាប់ការអភិរក្សប្រាសាទខ្មែរ។
មិនតែប៉ុណ្ណោះ ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា លោក ឡុង ណារី បានពន្យល់ថា ការជួសជុលចម្លាក់បង្កាន់ដៃនាគនេះ បានចាប់ផ្ដើមរយៈពេលជិត ២ ខែមកហើយ ដោយក្រុមការងារបានប្រមូលបំណែកតូចធំមកផ្គុំគ្នា និង បានព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ហើយកំពុងតែខិតខំស្វែងរកបំណែកចម្លាក់ទាំងនោះមកពីទីផ្សេងៗ ប៉ុន្តែបើមិនអាចស្វែងរកបំណែកដើមឃើញទេ ក្រុមការងារនឹងប្រើបំណែកថ្មថ្មីទៅប៉ះនៅចំណុច ដែលខ្វះខាតនោះ។
ជាមួយគ្នានេះដែរ ប្រធានក្រុមការងារអភិរក្សថ្មរូបនេះបានឱ្យដឹងទៀតថា ច្រើនឆ្នាំមកនេះ បង្កាន់ដៃនាគមានបញ្ហាប្រឈមខ្លាំង បណ្ដាលមកពីកម្សោយរចនាសម្ព័ន្ធគ្រឹះមិនអាចទ្រទ្រង់សង្កត់ ការបំផ្លាញពីបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និង កង្វះការថែទាំជាដើម៕
រូបភាព ៖ អាជ្ញាធរជាតិអប្សរា/ ភោគ ជា/ ក្រុមការងារអភិរក្សថ្ម