ចាប់ពីខែសីហា តទៅ ក្រសួងសាធារណការ នឹងគិតលុយចំពោះសេវាបញ្ចូលថាមពលឡានអគ្គិសនី
នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបង្ហោះសេចក្ដីជូនដំណឹងស្ដីពី ការយកកម្រៃលើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្រសួងនឹងយកកម្រៃសេវាសាធារណៈ លើការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្ដោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និង អ្នកប្រើប្រាស់ទាំងអស់ឱ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។
មិនតែប៉ុណ្ណោះ ក្រសួងបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការគ្រប់គ្រង និង ផ្ដល់សេវារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១៦០០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង៕
ប្រភព និង រូបភាព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន