គ្រាន់តែបង្ហាញចង្អុលដៃបោះឆ្នោតហើយ ឧកញ៉ា ស្រី ចាន់ថន ប្រកាសឱ្យសំបុត្រចូលលេង Jet Garden Park ឥតគិតថ្លៃ
កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារជាដំណឹងមួយថា ដើម្បីចូលរួមលើកទឹកចិត្តដល់ពលរដ្ឋ ឧកញ៉ា នឹងផ្ដល់សំបុត្រចូលលេងកម្សាន្តសួន Jet Garden Park ដោយឥតគិតថ្លៃ សម្រាប់អ្នកដែលបានបោះឆ្នោតហើយ។
ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group & 7NG បានបញ្ជាក់ថា ដើម្បីចូលរួមលើកទឹកចិត្តដល់ពលរដ្ឋ ដែលបានបំពេញកាតព្វកិច្ចទៅបោះឆ្នោតរួចរាល់ លោកបានផ្ដល់សំបុត្រចូលរួមលេងកម្សាន្តនៅសួន Jet Garden Park នេះដល់ប្រជាពលរដ្ឋឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញចង្អុលដៃ មានស្នាមជ្រលក់ពណ៌ខៀវក្រម៉ៅ។
មិនតែប៉ុណ្ណោះ ក្នុងសារបង្ហោះនោះក៏បានបញ្ជាក់ទៀតថា ការផ្ដល់សំបុត្រចូលលេងកម្សាន្ត ដោយឥតគិតថ្លៃនេះ អនុវត្តត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ៕