មិននឹកស្មាន! បុរសម្នាក់ត្រូវចៃឆ្មាខាំ ឆ្លងមេរោគរហូតត្រូវកាត់ដៃកាត់ជើងចោល ដើម្បីជួយជីវិត
រឿងរ៉ាវមិននឹកស្មានរបស់បុរសម្នាក់ដែលប៊ិះនឹងអស់ជីវិតដោយសារចៃឆ្មា ដោយត្រូវវាខាំរហូតឆ្លងមេរោគពេញខ្លួន ងាប់ដៃងាប់ជើង ត្រូវបង្ខំចិត្តកាត់ចោលដើម្បីរក្សាជីវិត កំពុងតែត្រូវគេចែកចាយពេញបណ្តាញសង្គម។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ មានវ័យ ៣៣ ឆ្នាំ រស់នៅរដ្ឋ Texas សហរដ្ឋអាមេរិក។ នៅខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ បន្ទាប់ពីបានទៅលេងផ្ទះម្តាយរួច លោកក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ហើយគ្រូពេទ្យបានវិនិច្ឆ័យថា លោកមានកើត Typhus កម្រិតធ្ងន់ ដែលជំងឺនេះគឺជាការឆ្លងមេរោគពីសត្វចៃរបស់សត្វចិញ្ចឹម។
លោកត្រូវមេរោគឆ្លងពេញឈាម ហើយលោកត្រូវគេសង្គ្រោះដោយការលាងឈាមពេញ ២៤ ម៉ោង និង វិធីផ្សេងៗជាច្រើនទៀត តែអាការក៏កាន់តែធ្ងន់ធ្ងរទៅៗ។ យ៉ាងណាមិញ ក្រោយពីនោះត្រឹម ១១ ថ្ងៃ ដៃជើងរបស់លោកក៏ស្លាប់អស់ ហើយបើសិនជាទុកយូរក៏អាចនឹងបង្កឱ្យស្លាប់ដល់ខួរក្បាល ដែលវិធីសង្រ្គោះមានតែម្យ៉ាងគត់ គឺការកាត់ដៃកាត់ជើងចោល។
ចុងក្រោយ លោកក៏បានឆ្លងកាត់ការវះកាត់ដៃជើងចោលជាច្រើនដង ហើយសព្វថ្ងៃលោកក៏កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ដែលគេរំពឹងថាលោកនឹងត្រូវការពេលច្រើនណាស់ ទម្រាំតែរាងកាយអាចត្រឡប់មកដូចដើមវិញ៕