លែងមានចាបខៀវហើយ! មហាសេដ្ឋី Elon Musk សម្រេចផ្លាស់ប្ដូរ Logo ក្រុមហ៊ុន Twitter ចេញដាក់អក្សរ X វិញ
សារព័ត៌មាន Reuters កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បានចុះផ្សាយថា ក្រោយពីបានប្រើប្រាស់ Logo ចាបខៀវ អស់រយៈពេល ១៧ ឆ្នាំរួចមក មហាសេដ្ឋី Elon Musk បានសម្រេចចិត្តប្តូរឈ្មោះ Twitter ទៅជាអក្សរ X វិញ ដោយបានបញ្ជាក់ថា និមិត្តសញ្ញាថ្មីនេះនឹងផ្តោតសំខាន់លើការបង្កើតកម្មវិធីគ្រប់យ៉ាង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្របពេលដែលក្រុមហ៊ុន Twitter ក្នុងទីក្រុង San Francisco កំពុងផ្លាស់ប្ដូរ Logo ថ្មីប៉ូលិសក៏បានបញ្ឈប់កម្មករសំណង់ពីការដកស្លាកសញ្ញា Twitter ចេញ ប៉ុន្តែយឺតពេល ព្រោះវានៅសល់តែរូបចាបពណ៌ខៀវមួយ និង អក្សរ «er» តែប៉ុណ្ណោះ។ នៅថ្ងៃជាមួយគ្នានេះដែរ លោក Elon Musk បានបង្ហោះក្នុង Twitter របស់លោកពី Logo ថ្មីរបស់ Twitter ដែលមានរូបសញ្ញាអក្សរ X ពណ៌ស មានផ្ទៃខាងក្រោយពណ៌ខ្មៅ។
គួរដឹងដែរថា ចាប់តាំងពីលោក Elon Musk បានកាន់កាប់ក្រុមហ៊ុនមក Twitter បានប្រឈមមុខនឹងភាពច្របូកច្របល់ជាច្រើន ដូចជាការបញ្ឈប់បុគ្គលិក ការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកផ្សាយពាណិជ្ជកម្ម និង មានបញ្ហាដោយសារការកើនឡើងនៃចំនួនអ្នកប្រើប្រាស់កម្មវិធី Threads ដែលជាគូប្រជែង៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ Reuters