សូមជ្រាប! រដ្ឋាភិបាលប្រកាសឱ្យផ្អាកការលក់ដូរ និង ពិសាគ្រឿងស្រវឹង ២ ថ្ងៃពេញ គឺថ្ងៃទី ២២ និង ២៣ កក្កដានេះ
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និង ពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និង ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ គឺថ្ងៃទី ២២ និង ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
តាមរយៈសេចក្ដីជូនដំណឹង បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កឱ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម, ការប្រព្រឹត្តបទល្មើសនានា ឬ ករណីខ្លះអាចបណ្តាលឱ្យបាត់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។ អនុលោមតាមច្បាប់ បទបញ្ញ និង នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងបានកំណត់រៀបចំធ្វើនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និង គ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹង។
ដូច្នេះហើយ រាជរដ្ឋាភិបាលបានធ្វើការណែនាំឱ្យប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និង អាជីវករទាំងអស់ដែលរស់នៅកម្ពុជា ត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាល ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង គណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវផ្អាកការលក់ដូរ និង ពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និង ថ្ងៃបោះឆ្នោត គឺថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាច បណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
រូបភាព ៖ BTV Cambodia