នៅចិន មួកការពារកម្ដៅកំពុងត្រូវប៉ាន់ ខណៈអាកាសធាតុនៅតែក្ដៅខ្លាំងមិនថមថយ
តាមសារព័ត៌មាន Reuters បានឱ្យដឹងថា ខណៈប្រទេសចិនកំពុងរងការវាយប្រហារពីរលកកម្ដៅខ្លាំង ពលរដ្ឋ និង អ្នកទេសចរ ជាច្រើនបាននាំគ្នាទិញសម្ភារការពារកម្ដៅ ដោយក្នុងនោះឃើញថាមួកការពារកម្ដៅកំពុងត្រូវប៉ាន់ខ្លាំង។
មួកការពារកម្ដៅខ្លះ មានក្រណាត់ច្នៃជាម៉ាស់ អាចបិទបាំងមុខមាត់ ដោយសល់ចន្លោះត្រឹមតែភ្នែក និង រន្ធច្រមុះនោះ គឺជាផលិតផលដែលពេញនិយមខ្លាំងនៅក្នុងប្រទេសចិន។ មួកប្រភេទនេះ ជួយទប់ទល់ និង ការពារកម្ដៅ UV បានយ៉ាងល្អ។
បើតាមសម្ដីរបស់ក្មេងស្រីវ័យ ១៧ ឆ្នាំម្នាក់ បានលើកឡើងថា ៖ «ក្ដីបារម្ភធំបំផុតរបស់ខ្ញុំ គឺខ្លាចកើតមានជំងឺសើរស្បែក ឬ កើតមានស្នាមជាំអុតខ្មៅ»។ ដូច្នេះហើយការពាក់គ្រឿងការពារកម្ដៅ គឺចាំបាច់បំផុតសម្រាប់ពួកគេ នារដូវដែលមានអាកាសធាតុក្ដៅខ្លាំងនេះ។ គួរបញ្ជាក់ផងដែរថា ការអូសបន្លាយនៃអាកាសធាតុក្ដៅក្នុងប្រទេសចិននេះ គឺផ្ដល់ផលប៉ះពាល់ជាខ្លាំង ដល់ការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជា ភោគផលដំណាំក្នុងស្រុក។ ពលរដ្ឋជាច្រើន មានការភ័យខ្លាចថា គ្រោះរាំងស្ងួតអាចនឹងអាក្រក់ខ្លាំង ដូចកាលពីឆ្នាំទៅ ដែលជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក៕