និស្សិតវ័យ ២១ ឆ្នាំម្នាក់ឈរចាំឡានក្រុងសុខៗ ស្រាប់តែម៉ាស៊ីនត្រជាក់ធ្លាក់ពីអគារជាន់ទី ១៧ ចំក្បាល អស់ជីវិតមួយរំពេច
ថ្មីៗនេះ សារពត៌មានតៃវ៉ាន់មួយ បានរាយការណ៍ពីរឿងរ៉ាវការស្លាប់របស់និស្សិតម្នាក់ ដែលកំពុងឈរចាំឡានក្រុងសុខៗក៏ត្រូវម៉ាស៊ីនត្រជាក់ធ្លាក់មកពីលើអគារជាន់ទី ១៧ មកត្រូវចំ បង្កឱ្យបាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដោយជនរងគ្រោះជានិស្សិតស្រីម្នាក់ វ័យ ២១ ឆ្នាំ កំពុងសិក្សានៅសកលវិទ្យាល័យ Chengchi នាតៃប៉ិ។
តាមរយៈវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថា និស្សិតរូបនេះបានដើរពីរនាក់បងស្រីមកឈរចាំឡានក្រុងនៅចំណតជិតស្ថានីយរថភ្លើង។ គ្រាន់តែដើរមកឈរចាំបានត្រឹមមួយភ្លែត ស្រាប់តែមានម៉ាស៊ីនត្រជាក់ធ្លាក់មកចំគួរឱ្យរន្ធត់ ធ្វើឱ្យនាងដេកដួលសន្លប់ទៅដីមួយរំពេច ហើយបងស្រីក៏បានប្រញាប់មើលប្អូនយ៉ាងតក់ស្លុត។
មួយសន្ទុះក្រោយមក ខាងឡានសង្រ្គោះក៏បានមកដល់ ហើយគេក៏បានធ្វើការសង្រ្គោះបឋមទៅកាន់នាង រួចទើបប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ តែគួរឱ្យសោកស្តាយនាងក៏បានបាត់បង់ជីវិតទៅហើយ។ យ៉ាងណាមិញ ព័ត៌មានបានឱ្យដឹងថា ម៉ាស៊ីនត្រជាក់នោះមានទម្ងន់រហូតទៅដល់ ៣០ គីឡូក្រាម ដែលធ្វើឱ្យជនរងគ្រោះបានប៉ះពាល់ដល់ក្បាលយ៉ាងខ្លាំង ថែមទាំងបាក់ជើងមួយចំហៀងទៀតផង។ ដោយឡែកមូលហេតុដែលម៉ាស៊ីនត្រជាក់ធ្លាក់មកបែបនេះ ព្រោះខាងភ្នាក់ងារមិនបានពិនិត្យមើលឱ្យច្បាស់លាស់ ហើយភ្នាក់ងារនោះក៏ត្រូវប៉ូលិសហៅទៅសួរនាំផងដែរ៕