អាណិតណាស់! យាយគេយាយយើង ដើម្បីក្រពះចាស់ហើយប្រឹងជិះកង់លក់ឈូក តែអកុសលត្រូវម៉ូតូប៉ះរងរបួសជាដំណំ
នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ នេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនហាក់មានការចាប់អារម្មណ៍ និង បានបង្ហាញក្ដីអាណិតអាសូរចំពោះលោកយាយម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងលក់ឈូកតាមផ្លូវ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ញិល សំណាង បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹករៀបរាប់ថា ៖ «លោកយាយឈ្មោះ យាយ អាង អាយុ ប្រហែល ៧០ ឆ្នាំស្ដើង។ បច្ចុប្បន្នរស់នៅភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្នាក់នៅផ្ទះជាមួយដីវត្តទ័ពស្ដេច ដែលព្រះចៅអធិការផ្ដល់កន្លែងសង់រស់នៅម្នាក់ឯង) គ្មានប្ដី គ្មានកូន (ខ្លួនមួយ)។ ព្រឹកមិញ លោកយាយបានជិះកង់ទៅលក់ឈូកដូចសព្វដង (មុខរបរចិញ្ចឹមថ្ងៃជិះកង់លក់ឈូកតាមភូមិក្បែរៗផ្ទះ) ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកកង់នៅផ្សារស្នេហ៍ បណ្ដាលឱ្យបាក់ដៃ និង ជើង របួសច្រើនកន្លែងខ្លាំង»។
ជាមួយគ្នានេះដែរ ម្ចាស់សារបង្ហោះក៏បានបញ្ជាក់ដែរថា ក្នុងពេលនេះលោកយាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែងហើយ ប៉ុន្តែដោយសារតែភាពខ្វះខាត ទើបម្ចាស់សារបង្ហោះអំពាវនាវឱ្យមានសប្បុរសជនជួយដល់លោកយាយផង ដោយអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ០៧៨ ៥៦៦ ៧៧៣ ដែលជាម្ដាយម្ចាស់សារបង្ហោះ ព្រមទាំងជាអ្នកកំពុងមើលថែលោកយាយនៅមន្ទីរពេទ្យ៕