(វីដេអូ) អ្នកចង់ទៅលេងសមុទ្រ ឬកោះនៅព្រះសីហនុ ត្រូវអនុញ្ញាតឱ្យធ្វើដំណើរតាមទូកឡើងវិញហើយ
នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសារជាវីដេអូមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ សម្រេចអនុញ្ញាតឱ្យមានការធ្វើដំណើរតាមផ្លូវទឹកឡើងវិញ បន្ទាប់ពីផ្អាកជាបណ្ដោះអាសន្នមួយរយៈ ដោយសារកត្តាអាកាសធាតុមិនអំណោយផល។
យោងតាមរយៈវីដេអូណែនាំរបស់ឯកឧត្ដម គួច ចំរើន បានអះអាងថា ការសម្រេចឱ្យធ្វើដំណើរតាមផ្លូវទឹកឡើងវិញនេះ ក្រោយបានតាមដានបញ្ហាអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និង បានមើលឃើញថា ស្ថានភាពហាក់ល្អប្រសើរឡើងវិញហើយ ដោយគ្រាន់តែរលកមានខ្ពស់ជាងធម្មតាបន្ដិច ដូច្នេះហានិភ័យមានការថយចុះជាងមុន និង ម្យ៉ាងដោយសារមានតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូនស្បៀងអាហាររបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាកោះជាដើម។
ដោយឡែក សម្រាប់ប្រជានេសាទវិញក៏ត្រូវបានអនុញ្ញាតឱ្យចេញទៅនេសាទផងដែរ ប៉ុន្ដែមិនអនុញ្ញាតឱ្យដេកផ្លូវនោះទេ ពោលគឺ ត្រូវទៅនេសាទព្រឹក ត្រឡប់មកវិញល្ងាច ហើយបើទៅល្ងាច ត្រូវត្រឡប់មកវិញព្រលប់ ព្រោះងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ក្នុងករណីអាកាសធាតុមានការប្រែប្រួលជាយថាហេតុណាមួយកើតឡើង។
មិនតែប៉ុណ្ណោះ ឯកឧត្ដមបានបញ្ជាក់ទៀតថា ទាំងអ្នករស់នៅតាមបណ្ដាកោះ ទាំងអ្នកនេសាទ ពេលធ្វើដំណើរតាមផ្លូវទឹក ត្រូវតែមានសម្ភារសង្គ្រោះឱ្យបានគ្រប់គ្រាន់ ដោយត្រូវតែពាក់អាវពោងឱ្យជាប់ មិនត្រូវធ្វេសប្រហែសឡើយ។ ជាមួយគ្នានេះដែរ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក៏ត្រូវតែត្រៀមលក្ខណៈជាប់ជាប្រចាំ ដើម្បីចេញអន្ដរាគមន៍ក្នុងករណីចាំបាច់ណាមួយ ជាពិសេសត្រូវនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ខ្លាចក្រែងពួកគាត់ត្រូវការជំនួយក្នុងករណីបន្ទាន់៕