ឡានក្រុង ៣៥០ គ្រឿង បញ្ឈរជើងចាំដឹកពលរដ្ឋទៅបោះឆ្នោត ៣ ថ្ងៃពេញ ដោយមិនគិតលុយមួយរៀល
ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យបានដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ ៣៥០ គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្តនានា អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
ក្រោយពីមានការប្រជុំពីសំណាក់ ឯកឧត្តម ឃួង ស្រេង, ឯកឧត្តម ហេង សួរ, អាជ្ញាធរខណ្ឌទាំង ១៤ និង ស្ថាប័នពាក់ព័ន្ធមួយចំនួន អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ ៣៥០ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ដោយមិនបង់ប្រាក់ និង បានបែងចែងជា ១០ ទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ៖ «អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ ៣៥០ គ្រឿង ដើម្បីដឹកជញ្ជូន បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅស្រុកកំណើត ដើម្បីឱ្យពួកគាត់បានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ»។ ដូច្នេះ ឯកឧត្តម ជម្រុញឱ្យមន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះត្រូវបំពេញការងារឱ្យបានល្អ ជាមួយនឹងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនប្រជាពលរដ្ឋ ទាំងទៅ និង ត្រឡប់មកវិញ។ ហើយការដឹកជញ្ជូនមិនត្រូវមានការរើសអើងឡើយ។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យ និង សម្រួលលើការងារនេះ ជាមួយនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ៕