ចង់តែគក់ទ្រូង! ឃើញកន្លែងបោះតង់បែបធម្មជាតិ ជាប់ជើងភ្នំស្រស់ស្រាយចឹង ស្មានតែនៅឆ្ងាយ តាមពិតត្រឹមកំពង់ឆ្នាំងសោះ
ខេត្តកំពង់ឆ្នាំង ដែលមានភូមិសាស្ត្រស្ថិតនៅជិតខេត្តកណ្ដាល និងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ បានលេចឡើងនូវសមិទ្ធផលរមណីយដ្ឋានជាច្រើន ដើម្បីបម្រើអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែ រំសាយនូវរាល់ទុក្ខកង្វល់ក្នុងជីវិត។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្ត បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងលម្ហែកម្សាន្តថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកំពង់ឆ្នាំង មានទេសភាពធម្មជាតិស្រស់ស្រាយមិនចាញ់ខេត្តនៅតំបន់កោះ ឬសមុទ្រឡើយ ដែលនៅទីនោះមានឈ្មោះថា «Chill River-ឈៀល រីវើ»។
« Chill River-ឈៀល រីវើ» មានទីតាំង ចេញពីភ្នំពេញត្រឹមតែប្រមាណ ១០០ គីឡូម៉ែត្រតែប៉ុណ្ណោះ ស្ថិតក្នុងស្រុកទឹកផុស ទឹកដីខេត្តកំពង់ឆ្នាំង។ នៅទីនោះ ជាទីកន្លែងសម្រាកលំហែបែបសាមញ្ញៗ សាកសមបំផុតជាមួយអ្នកដែលចូលចិត្តអារម្មណ៍ chill chill ជាមួយធម្មជាតិដ៏ស្រស់ស្រាយ ជាមួយក្រុមគ្រួសារ គូស្នេហា ក៏ដូចមិត្តភក្តិជាដើម ដែលស្រឡាញ់និងចូលចិត្តភាពស្ងប់ស្ងាត់បែបធម្មជាតិ គ្មានសំឡេងរំខានពីបរិយាកាសខាងក្រៅ។
អ្វីដែលកាន់តែពិសេសទៀតនោះ «Chill River-ឈៀល រីវើ» ជាកន្លែងលម្ហែដែលស្ថិតនៅភាគខាងកើតនៃជួរភ្នំឱរ៉ាល់ ជាកន្លែងដែលមានទឹកហូរខួបប្រាំងវស្សា ជាពិសេសដើមរដូវវស្សាពពកចុះមកទាបៗជាប់ជើងភ្នំបង្កើតភាពស្រស់ស្រាយដល់អារម្មណ៍។ សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ អាចទាក់ទងកក់ជាមុនសម្រាប់ការស្នាក់នៅតាមរយៈលេខ 093 334407/060 376 123៕