គំរូល្អ! ស្រុកក្រឡាញ់ ខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋគោរពទង់ជាតិ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្តរៀបចំគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និង ដាស់អារម្មណ៍ ស្មារតីដល់សាធារណជន រដ្ឋបាលស្រុកក្រឡាញ់ នឹងរៀបចំការចាកផ្សាយចម្រៀងជាតិចាក់បទនគររាជផ្សាយចេញពីវិទ្យុតាមរយៈឧគ្ឃោសនស័ព្ទ (មេក្រូ) ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ រៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រ វេលាម៉ោង ៧ នាទីព្រឹក ចាប់ពីមុខអគារសាលាស្រុក រហូតដល់ផ្លូវបំបែករង្វង់មូលគ្រុឌថ្លែងសរ។
អាស្រ័យហេតុនេះរដ្ឋបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីរួមស្រុកក្រឡាញ់ ព្រមទាំងប្រធានអង្គភាពរដ្ឋ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រធានគ្រប់គ្រងវិស័យឯកជន បងប្អូនអាជីវករទាំងអស់ក្នុងស្រុកក្រឡាញ់ ដែលបានឮសំឡេងការចាក់ផ្សាយនូវចម្រៀងជាតិ សូមមេត្តាឈប់ធ្វើដំណើរ ឬផ្អាកសកម្មភាពការងារផ្សេងៗសិន ដើម្បីចូលរួមគោរពភ្លេងជាតិឱ្យបានចប់សិន ចាំបន្តដំណើរ ឬអនុវត្តការងារផ្សេងៗ៕