ក្រោយស្រ្តីម្នាក់បង្ហោះមានករណីប្ល-ន់ក្នុងបុរីក្រោយផ្សារព្រែកឯង ពេលនេះស្នងការស្រាយបំភ្លឺហើយថាជាព័ត៌មានមិនពិត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយបានដឹងករណីស្ត្រីម្នាក់បង្ហោះសារ ភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាពថាមានករណីដេញប្លន់ដល់ក្នុងបុរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រទី ៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១១:២០ យប់។
ក្រោយទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការចុះផ្សាយព័ត៌មិនពិតនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ។ ជាក់ស្ដែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ថា ការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថា មានករណីដេញប្លន់ដល់ក្នុងបុរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រទី ៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១១:២០ យប់ ជាការចុះផ្សាយព័ត៌មានមិនពិត។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តឱ្យបានដឹងថា ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឱ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះបានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡើយ៕